គ្មានញញើតទេ! លែងទ្រាំទៀត លោក Nawat វឹងទៅតុលាការដាក់ពាក្យប្ដឹងលោក ប្រាយុទ្ធ ចាន់អូចា ចេញម្តង
ខណៈនេះប្រទេសថៃកំពុងតែគំរាមកំហែងខ្លាំងពីការរីករាតត្បាតនៃជំងឺកូវីដ-១៩ ។ ពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពប្រទេសនេះចេះតែយ៉ាប់យ៉ឺនទៅៗ ដោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក៏កាន់តែមានសន្ទុះហក់ឡើងខ្លាំង ស្ទើរតែទប់ទល់លែងជាប់ហើយ ព្រោះខ្វះនូវសម្ភារ គ្រែ និង ក្រុមគ្រូពេទ្យជួយសង្គ្រោះ ។
ជាមួយនឹងស្ថានភាពដ៏លំបាកនេះ ប្រជាជនថៃហាក់ដាក់បន្ទុកធ្ងន់ទៅកាន់រាជរដ្ឋាភិបាលថៃ ដែលចាត់វិធានការគ្រប់គ្រងពុំទាន់ពេលវេលាបណ្ដាលឱ្យប្រជាជនខ្លួនត្រូវរងទុក្ខវេទនាបែបនេះ ។ ដូចគ្នានោះ ពលរដ្ឋថៃជាច្រើនបានចេញមុខប្រឆាំង និង នាំគ្នាធ្វើបាតុកម្មទម្លាក់ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ឱ្យចុះចេញពីតំណែង ។
តួយ៉ាង នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ លោក Nawat Itsaragrisil ដែលជាស្ថាបនិកកម្មវិធី Miss Grand International បានធ្វើដំណើរទីកាន់ទីស្នាក់ការតុលាការកណ្ដាល ដើម្បីដាក់ពាក្យបណ្ដឹងទៅកាន់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ។
បើយោងតាមបទសម្ភាសរបស់លោក Nawat តាមរយៈសារព័ត៌មានក្នុងស្រុក ស្ថាបនិករូបនេះបាននិយាយថា «ខ្ញុំទ្រាំទៀតលែងបានហើយ ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំងសម្រាប់កិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ។ ជាពិសេសរឿងរកវ៉ាក់សាំងឱ្យប្រជាជនចាក់មិនបានគ្រប់គ្រាន់ហើយ មានភាពរអាក់រអួលរហូត ដល់ថ្នាក់ត្រូវសម្រេចចិត្តប្រើលុយខ្លួនឯងដើម្បីទិញវ៉ាក់សាំងមកចាក់ទៀតផង ។
នៅពេលនេះក៏មិនប្រាកដចិត្តដែរថា វ៉ាក់សាំងនឹងបានមកពេលណា ក្នុងនាមប្រជាជនថៃដែលជាម្ចាស់ប្រទេស ថែមទាំងស្ថិតក្នុងរបបគ្រប់គ្រងបែបលិទ្ធិប្រជាធិបតេយ្យ បានបំពេញកាតព្វកិច្ចជាប្រជាជនម្នាក់ក្នុងប្រទេសអស់ពីលទ្ធភាពរបស់ខ្លួន ជាពិសេសការបង់ពន្ធទៅកាន់រដ្ឋ ក៏ប៉ុន្តែ ប្រជាជនហាក់មិនទទួលបានការថែទាំយកចិត្តទុកដាក់ពីរដ្ឋាភិបាលវិញឡើយ» ។
ជាមួយគ្នានោះ សម្រាប់ពាក្យបណ្ដឹងនេះ លោកក៏ពុំទាន់ដឹងថា តុលាការនឹងព្រមទទួលយកឬអត់នោះទេ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង ០០ លោកនឹងទៅតុលាការម្ដងទៀត ដើម្បីស្ដាប់លទ្ធផលថាទទួល ឬ មិនទទួល ។ លើសពីនោះ បើងាកទៅមើលប្រជាជនថៃម្នាក់ៗពិតជាមានសេចក្ដីរីករាយណាស់បន្ទាប់ពី លោក Nawat ចេញមុខជួយដល់សង្គមបែបនេះ ៕
ប្រភព៖ Sanook