សាងស្នេហ៍រាប់ឆ្នាំ! Pooklook និយាយទាំងអួលដើម-ក ចែកផ្លូវគ្នាជាមួយ Mike ចុងក្រោយសល់ត្រឹមពាក្យជា មិត្ត
រឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមរបស់តារាសម្ដែងស្រី Pooklook Fonthip និង លោក Mike Pattaradet កន្លងមក ពិតជាធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររបស់តារាទាំងពីរ តែងតែកោតសរសើរពីទំនាក់ទំនងស្នេហាដ៏រឹងមាំនេះ មិនតិចនោះទេ ។ អស់រយៈពេលប្រមាណ ៤ ទៅ ៥ឆ្នាំ មកហើយ ដែលតារាសម្ដែងប្រុសស្រីមួយគូនេះ ក្លាយគូស្នេហ៍តារាថៃ ដែលមានភាពផ្អែមល្ហែមនឹងរក្សាបានចំណងស្នេហាយ៉ាងរឹងមាំរបស់ពួកគេ បើទោះបីជាអ្នកទាំងពីរ មិនបានរួមការងារក្នុងទ្រនំជាមួយគ្នា ក៏ដោយ ។
យ៉ាងណាមិញ ចូលដល់ឆ្នាំ ២០២១ គឺជាឆ្នាំដ៏ពិបាកបំផុត ដែលធ្វើឱ្យតារាសម្ដែងស្រី Pooklook ដាច់ចិត្តទម្លាយអារម្មណ៍ពិតដែលនាងមានចេញមកនិយាយ ក្នុងបទសម្ភាស ជាមួយនឹង WOODY SHOW ដោយបានបើកបេះដូងនិយាយជាលើកដំបូង ។ បន្ទាប់ពីនាងបានផ្អាកទទួលការងារសិល្បៈ អស់រយៈពេល ២ ទៅ ៣ ខែចុងក្រោយនេះ នាងបានរងព្យុះភ្លៀងយ៉ាងខ្លាំង ទាំងគ្រួសារ និង ទំនាក់ទំនងស្នេហា រហូតដល់ពេលនេះ នាង និង Mike បានសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន ដោយប្តូរពីសង្សារនៅត្រឹមជាមិត្តភក្តិ ។
អំឡុងពេលធ្វើបទសម្ភាស តារាស្រីរូបនេះបាននិយាយរៀបរាប់ទាំងអួលដើម-ក ពីអារម្មណ៍របស់នាងនៅពេលនោះ ថា «អារម្មណ៍ផ្ទាល់របស់នាង វាជាពេលវេលាយ៉ាងយូរចាប់តាំងពីយើងបានស្គាល់គ្នា មិនមែនជារឿងលេងសើចនោះទេ ដែលយើងអាចកាត់ចិត្តបានត្រឹមរយៈពេល ២ ខែ ។ ពួកយើងមិនអាចផ្តល់ភាពកក់ក្តៅ និង សុភមង្គលឱ្យគ្នាបានដូចមុន ប៉ុន្តែទោះជាយ៉ាងណា ពួកយើងនៅតែអាចរាប់អានគ្នាជាមិត្ត» ។
ជាមួយនឹងដំណឹងបែកគ្នាយ៉ាងសោកសៅរបស់គូស្នេហ៍តារាថៃមួយគូនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់អ្នកទាំងពីរមានការភ្ញាក់ផ្អើល និង សម្ដែងភាពសោកស្ដាយជាខ្លាំង ដោយម្នាក់ៗបានចែករំលែកអារម្មណ៍ទាំងនេះពេញក្នុងបណ្ដាញសង្គមទាំងអាល័យ ។ ដោយមិននឹកស្មានសោះថា Pooklook និង Mike បានសម្រេចបញ្ចប់ស្នេហារបស់ពួកគេដែលខំសាងរួមគ្នារាប់ឆ្នាំ សល់ត្រឹមពាក្យជាមិត្តនឹងគ្នា បែបនេះសោះ ៕