អស់ទាស់! ជុង សៀវភីន ហៅ Mr. ឪឡឹក ចេញបទថ្មីកក្រើក Tik Tok (វីដេអូ)
បើនិយាយពីតារាចម្រៀង Original Song ក្នុងចំណោមតារាចម្រៀងពេញនិយមជាច្រើន ច្បាស់ណាស់យុវវ័យមួយចំនួនពិតជាបានស្គាល់លោក ជុង សៀវភីន ដែលគេតែងហៅលោកថា «ឪឡឹក» ។ ឈ្មោះហៅក្រៅនោះដែរ ជុង សៀវភីន ត្រូវបានមិត្តក្នុងរង្វង់សិល្បៈហៅឡើង បន្ទាប់ពីតារាចម្រៀង Original Song រូបនេះ បានបញ្ចេញនូវ Album ដំបូងរបស់ខ្លួនកាលពីអំឡុងឆ្នាំ ២០១៨ ឈ្មោះថា «ឪឡឹក» នោះឯង ។
ជាការពិត មិនត្រឹមតែជាតារាចម្រៀងម្យ៉ាងនោះទេ សៀវភីន ក៏ជាផលិតករ និង អ្នកនិពន្ធដូចគ្នាដែរ ហើយកន្លងមក លោកក៏បានបកស្រាយចម្រៀងរួមគ្នានឹងក្រុមចម្រៀង Small World Small Band និង ក្មេងខ្មែរ ផងដែរ ។ រីឯបទចម្រៀងរបស់លោកត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងដូចជាបទ «ឪឡឹក» បទ «បិសាច និង ទេវតា» និង បទ «រស់ជាយើង» ជាដើម ។ ម្យ៉ាងវិញទៀត រាល់បទចម្រៀងរបស់ សៀវភីន ភាគច្រើនស្តាប់ទៅបែបកំប្លែងៗ សរសេរឡើងមកក្នុងន័យចំៗ ក្នុងសង្គមនាពេលបច្ចុប្បន្នទៀតផង ។
ថ្មីៗនេះដែរ បទចម្រៀងរបស់ ជុង សៀវភីន ដែលទើបតែចេញជាផ្លូវការកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ មានចំណងជើងថា «ដូចគ្នា» ហាក់ទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកគាំទ្រ ។ លើសពីនោះ បទចម្រៀងថ្មីនេះ គឺកំពុងតែមានការផ្ទុះខ្លាំងនៅលើបណ្តាញសង្គម Tik Tok ដែលត្រូវបានអ្នកលេងយកទៅថតវីដេអូច្រៀងត្រាប់តាមយ៉ាងច្រើន ៕