សាយ ត្រៀមចាប់ផ្តើមកម្មវិធីសប្បុរសធម៌មួយទៀត ដើម្បីជួយកុមារក្នុងអង្គការចំនួន ៣
កាលពីពេលកន្លងមក មហាជនធ្លាប់បានដឹងរួចមកហើយពីការលះបង់កម្លាំងកាយចិត្ត ពេលវេលា របស់តារាចម្រៀង Original Song លោក សាយ ដែលបានរត់ស្ទើរទូទាំងប្រទេសរយៈពេល ៩៧ ថ្ងៃ ក្នុងការរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីដើមខែមករា ឆ្នាំ ២០២១ ។
កាលនោះគេចាំបានថា ក្នុងកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» លោក សាយ បានរត់ ២៣ ខេត្តក្រុង រយៈពេល ៩៧ ថ្ងៃ ក្នុងរយៈចម្ងាយ ២៤០៨ KM និង រៃអង្គាសថវិកា បានជិត ៥០ ម៉ឺនដុល្លារជួយដល់កុមារកម្ពុជា ។ លើសពីនោះ ក្រោយពីបានបញ្ចប់បេសកកម្មខាងលើនេះហើយ តារាចម្រៀងរូបនេះបានធ្វើឱ្យមហាជនជាច្រើន មានការកោតសរសើរ និង ស្ញប់ស្ញែងនូវការលះបង់ដ៏មុះមុតរបស់លោក រហូតលោកបានក្លាយទៅជាជាយុវជនអាស៊ានទី១ ដែលទទួលពានរង្វាន់វីរយុវជនពី IAYSP ថែមទៀតផង ។
យ៉ាងណាមិញ អ្វីដែលកំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍ និង បានលើកឡើងសរសើរដល់តារាចម្រៀងខាងលើនេះជាថ្មីម្តងទៀតនោះ គឺនាខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ លោក សាយ នឹងបើកកម្មវិធីសប្បុរសធម៌មួយថ្មីទៀត មានឈ្មោះថា «រត់ជាមួយសាយ Virtual Run 2021» ជាប្រភេទការរត់ម៉ារ៉ាតុន សម្រាប់រយៈចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ ។
លោក សាយ បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា កម្មវិធី «រត់ជាមួយសាយ Virtual Run 2021» រៀបចំនៅថ្ងៃទី ៣០ និង ៣១ ខែតុលា ឆ្នាំ ២០២១ ដោយថវិកាទទួលបានពីការចុះឈ្មោះរបស់អ្នករត់ នឹងយកទៅចូលរួមបរិច្ចាគដល់សកម្មភាពមនុស្សធម៌របស់អង្គការចំនួន ៣ ដែលជួយទ្រទ្រង់ដល់សុខុមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន អង្គការ Manna4Life សាលាទន្សាយ និង អង្គការជនពិការកម្ពុជា ។
លើសពីនោះ កម្មវិធី «រត់ជាមួយសាយ Virtual Run 2021» លោក សាយ បានរំពឹងទុកថា កម្មវិធីនេះនឹងរួមចំណែកលើកកម្ពស់សកម្មភាពកីឡា និង ជាពិសេសបង្កើនសកម្មភាពចូលរួមក្នុងការងារសប្បុរសធម៌ជួយដល់ស្ថាប័នទាំងឡាយ ដែលកំពុងតែជួបការលំបាកយ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់សាធារណជនទាំងអស់នៅក្នុងកម្មវិធីនេះ មានតម្លៃមិនអាចកាត់ថ្លៃបាន នៅក្នុងការជួយសម្រាលកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕