អីយ៉ូយ! កូនខ្មែរកាត់បារាំង តួស្រីក្នុង MV ថ្មីរបស់ វណ្ណដា កំពុងធ្វើឱ្យមហាជនស្លុងអារម្មណ៍
កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ នេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្តយ៉ាងខ្លាំងសម្រាប់តារាចម្រៀងរូបសង្ហា វណ្ណដា បន្ទាប់ពីចេញនូវស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា « CATCH ME IF YOU CAN »។
ក្រោយពីបទនេះ ចេញមិនទាន់បានប៉ុន្មានផងស្រាប់តែ ផ្ទុះការសរសើរព្រោងព្រាតពីមហាជនអ្នកគាំទ្ររបស់លោក ។ ជាពិសេសទឹកដៃនៃការផលិត MV ដែលធ្វើឱ្យមហាជនខ្មែរចាប់ភ្លឹកមិនបានថាថតនៅស្រុកខ្មែរព្រោះថា ការរៀបប្លង់ និង ទីតាំងថត ពិតជាល្អ និង មានគុណភាពណាស់ ។
អ្វីដែលរឹតតែមានការចាប់អារម្មណ៍ខ្លាំងបន្ថែមនោះ គឺ ក្នុងចម្រៀងមួយបទនេះ វណ្ណដា បានជ្រើសរើសតួស្រី កញ្ញា ម៉ារីយ៉ាន ក្លេដែលជាតារាបង្ហាញម៉ូដ កូនកាត់ខ្មែរ-បារាំង និងជាអតីតទូតសុច្ឆន្ទៈសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា មកចូលរួមសម្ដែងយ៉ាងទាក់ទាញ។
មិនត្រឹមតែមានសមត្ថភាព សម្ដែងល្អ និង ដើរម៉ូដ នោះទេ កន្លងមក តារាស្រីស្រស់រូបនេះ ក៏ជាអ្នកស្រឡាញ់ថែរក្សាវប្បធម៌ខ្មែរមួយរូប ដោយនាងជាតារាស្រី ដែលចេះនូវក្បាច់គុនល្បុកតោខ្មែរផងដែរ។ បន្ថែមពីនេះ ស្រីស្អាត វ័យ ១៨ ឆ្នាំរូបនេះ ថែមទាំងមាន ចក្ខុវិស័យ ចង់ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការសម្រេចចិត្តបន្ដ សិក្សាជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យ ESTHUA ដែលជាសាកលវិទ្យាល័យទេសចរណ៍ធំជាងគេ នៅក្នុងប្រទេសបារាំងទៀតផង៕