ទើបនឹងស្ងាត់រឿងបែកគ្នា ពេលនេះ Pook Look ស្រាប់តែមកប្រទះទុក្ខធំក្នុងជីវិតនេះ
ជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់ក្រុមគ្រួសារតារាសម្ដែងស្រី Pook Look Fonthip ដោយម្ដាយរបស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីជួបគ្រោះឧបទ្ទវហេតុ រអិលដួលបោកក្បាលនឹងឥដ្ឋ ក្រោយមកក៏ទទួលការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអស់រយៈពេល ៣ ខែ ។
នេះបើយោងតាមរយៈសារបង្ហោះនៅក្នុងគណនី Instagram ផ្ទាល់របស់តារាស្រីរូបនេះ បានរៀបរាប់ឱ្យដឹងថា «អ្នកម៉ាក់ បានចាកចេញពីពួកយើងទៅបានស្ងប់សុខហើយ កាលពីយប់មិញ ។ ខ្ញុំចង់ប្រើបណ្ដាញសង្គមនេះ ដើម្បីជូនដំណឹងដល់អ្នកគ្រប់គ្នាដែលបានស្គាល់ម៉ាក់របស់ខ្ញុំ ។ ពិធី, កាលបរិច្ឆេទនៃការរៀបចំ, ព័ត៌មានលម្អិតនឹងជូនដំណឹងម្តងទៀត ។ ក្រុមគ្រួសាររបស់ពួកយើងសូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រ។ ហើយសុំខមាទោស រាល់ពេលវេលាកន្លងមកកាលពីមុន សូមអរគុណចេញពីចិត្ត» ។
អស់រយៈពេលច្រើនខែមកហើយ ដែលតារាស្រីរូបនេះ បានឆ្លងកាត់ព្យុះភ្លៀងយ៉ាងខ្លាំងទាំងបញ្ហាគ្រួសារ និង ស្នេហា ក្នុងជីវិតរបស់នាងនៅពេលនេះ Pook Look បានជួបទុក្ខធំ ដោយបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ចេញពីជីវិតទាំងក្តីអាល័យ ។
ទន្ទឹមនឹងនេះដែរ ក្រោយពីបានទទួលដំណឹងដ៏សោកសៅមួយនេះចំពោះ Pook Look ក៏បានឃើញមានមិត្តរួមក្នុងសិល្បៈជាច្រើន និង អ្នកគាំទ្ររូបនាងក្នុងបណ្ដាញសង្គម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងជួយផ្តល់ជាកម្លាំងចិត្តដល់រូបនាងយ៉ាងខ្លាំងផងដែរ ៕