ធ្លាក់ខ្លួនមកនៅផ្ទះល្វែងហើយ ពេលនេះ Benny Chan តួអ៊ូខុង ស្រាប់តែឡាយលក់អនឡាញចិញ្ចឹមជីវិតទៀត
តារាសម្ដែងហុងកុង លោក Benny Chan ត្រូវបានគេស្គាល់ច្បាស់ដើរជាតួអង្គ ស៊ុន អ៊ូខុង ជំនាន់ទី ២ ដែលជាតារាសម្ដែងប្រុសដ៏ល្បីឈ្មោះ តែងតែលេចមុខក្នុងខ្សែភាពយន្តខ្នាតធំល្បីៗជាច្រើន ។ ទោះជាយ៉ាងណា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវិតប្រឡូកក្នុងសិល្បៈរបស់លោក ហាក់ដូចជាមិនត្រចះត្រចង់នោះឡើយ ដោយសារបញ្ហាកូវីដ-១៩ ធ្វើឱ្យតារាសម្ដែងរូបនេះ បានបាត់បង់ប្រាក់ចំណូលបន្ថែម រួមទាំងការងារសិល្បៈផងដែរ ។
ជាក់ស្ដែង ដូចជាកាលពីប៉ុន្មានខែមុន តារាប្រុសរូបនេះបានបង្ខំចិត្តនាំគ្រួសាររើចេញពីអាផាតមិនដ៏ប្រណីតទៅរស់នៅឯផ្ទះល្វែង ដែលលោកបានទិញទុកកាលពីឆ្នាំកន្លងទៅ ដើម្បីទប់ទល់នឹងជីវភាពប្រចាំថ្ងៃ ដោយសារតែការងារសិល្បៈមិនអាចរកចំណូលបាន ។
រំលងមិនយូរប៉ុន្មានកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ នេះ ស្រាប់តែបានឃើញវត្តមានរបស់លោកនៅលើអ៊ីនធឺណេត បានឡាយលក់ផលិតផលតាមអនឡាញ ហើយគ្មានអ្នកចាប់អារម្មណ៍ចង់បញ្ជាទិញសូម្បីម្នាក់ ។
ស្ទើរតែមិនជឿនឹងភ្នែកសោះថា Benny លោកធ្លាប់តែជាតារាសម្ដែងមានឈ្មោះល្បីក្នុងវិស័យកម្សាន្តរបស់ចិន ប៉ុន្តែបែរជាធ្លាក់ខ្លួនយ៉ាងរសាត់អណ្ដែត ហើយប្រជាប្រិយភាពរបស់លោកហាក់ដូចជាលែងមានភាពទាក់ទាញសម្រាប់អ្នកគាំទ្រទៀត សូម្បីតែភរិយារបស់លោក ក៏ចាប់ផ្តើមចេញលក់អនឡាញ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ ៕
ប្រភព៖ KENH14