រមណីយដ្ឋានមន្តស្នេហ៍កោះ១០០០ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ(មានវីដេអូ)
នៅពេលរដូវធ្លាក់ភ្លៀងឈានចូលមកដល់ បានធ្វើឱ្យតំបន់ទេសចរណ៍មួយនេះ មានសម្រស់ស្រស់បំព្រងទ្វេឡើងដើម្បីទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ ដែលផ្ទុយស្រឡះពីកន្លែងលេងកម្សាន្តមួយចំនួន ។ រមណីយដ្ឋានមន្តស្នេហ៍កោះ ១ ០០០ មានចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រនៅភាគខាងត្បូងក្រុងបាត់ដំបង ស្ថិតក្នុងទឹកដី ភូមិថ្មី ឃុំកន្ទឺ១ ស្រុក បាណន់ ខេត្តបាត់ដំបង។
រមណីយដ្ឋាន មន្តស្នេហ៍កោះ ១ ០០០ នេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ ដែលមានផ្ទៃដីទំហំប្រមាណជាង ២០ ហិកតាឯណោះ ។ ចំណែកលក្ខណៈ ភូមិសាស្ត្រ និង ការរៀបចំវិញគឺបង្កើត ឡើងប្រកបដោយភាពទាក់ទាញ ។ ប្រសិនបើ ឈានចូលដល់រដូវវស្សាមានភ្លៀងធ្លាក់ និង ទឹកឡើងពីដងស្ទឹងសង្កែហៀរចូលដូច្នេះ វាបានធ្វើឱ្យតំបន់មន្តស្នេហ៍កោះ ១ ០០០ ទាំងមូលបង្កើតបាននូវភាពស្រស់ស្ងាត និង មនោរម្យបំផុត សម្រាប់ភ្ញៀវទេសចរ ។
លោក តន់ យួម ម្ចាស់រមណីយដ្ឋានទេសចរណ៍មន្តស្នេហ៍កោះ ១ ០០០នេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដែលមានភ្លៀងធ្លាក់ធ្វើឱ្យមានទឹកដក់ច្រើននោះ លោកសង្កេតឃើញមានអ្នកទេសចរមកលេងច្រើន ពោលមិនថា តែភ្ញៀវជាតិនោះទេ សូម្បីតែជនបរទេសក៏មានចំណាប់អារម្មណ៍មកលេងទីនេះដែរ ។ ប្រសិនបើភ្ញៀវទេសចរមានបំណងចង់ជម្រុះចោលនូវអារម្មណ៍តានតឹងនោះ សូមកុំភ្លេចជ្រើសរើសយកដំណើរកម្សាន្តមកកាន់រមណីយដ្ឋានរបស់លោកម្តងមើលប្រាកដជាបានសប្បាយរីករាយជាមួយនឹងការគយគន់ធម្មជាតិ និង ភ្លក្សរសជាតិម្ហូបអាហារយ៉ាងឆ្ងាញ់ពិសានៅទីនេះ ។
នៅទីរមណីយដ្ឋានទេសចរណ៍មន្តស្នេហ៍កោះ ១ ០០០ សង់ឡើងជាខ្ចូសនៅក្នុងធារទឹក សម្រាប់ភ្ញៀវ ទេសចរអង្គុយលេងស្រូបយកខ្យល់អាកាសស្ទូចត្រី ញុាំអាហារជួបជុំជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ ព្រមទាំងមានសេវាដឹកជញ្ជូនលោកអ្នកទៅកាន់កន្លែងអង្គុយលេង ដោយកាណូតប្រកបដោយសុវត្ថិភាពផងដែរ ។ ហើយពិសេសជាងនេះទៅទៀតនោះ ភ្ញៀវទេសចរទាំងឡាយអាចជិះទាទឹកប៉េដាឡូលេង កម្សាន្ត ឬ ក៏អាចកុម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈ ឬ ស្រាបៀរបានទៅតាមចំណង់ចំណូលចិត្ត ដែលកន្លែងរបស់លោកលក់ជូនក្នុង តម្លៃមួយថោកសមរម្យបំផុត ។
លោក អ៊ុចអ៊ំ គីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ការបង្កើតឡើងនូវតំបន់ទេសចរណ៍មន្តស្នេហ៍កោះ១០០០នេះ គឺជាការចូលរួមលើកស្ទួយនូវវិស័យទេសចរណ៍ សម្រាប់ខេត្តបាត់ដំបង ហើយតាមការសង្កេតឃើញរបស់លោក ចាប់តាំងពីទីរមណីយដ្ឋាននេះបើកដំណើរការមកជារៀងរាល់ថ្ងៃចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាកនោះគឺមានភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលម្ហែកាយច្រើនគួរឱ្យគត់សម្គាល់ ជាពិសេសនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ដូច្នេះ ពីព្រោះនៅទីនោះប្រសិនបើមានទឹកល្ហល្ហេវគឺកាន់តែមានភាពទាក់ទាញ ៕
ដោយ ៖សុថាត់