នៅពីក្រោយភាពរឹងមាំ និង ស្នាមញញឹម Angelina Jolie ធ្លាប់មានជំងឺធ្ងន់ធ្ងរទាំងនេះ
កំពូលតារាសម្តែងស្រីហូលីវូដ Angelina Jolie មិនត្រឹមតែមានប្រជាប្រិយភាពបោះសំឡេង ក៏ដូចជាការស្រឡាញ់គាំទ្រដោយសារសមត្ថភាពការសម្តែងនោះទេ លោកស្រីក៏ត្រូវបានជនជាច្រើនគោរពផងដែរ ចំពោះទឹកចិត្តមេត្តាការធ្វើសប្បុរសធម៌មិនចេះតិចកន្លងមក ។
យ៉ាងណាមិញ នៅក្រោយពីសម្រស់មិនងាយស្រពោន ព្រមជាមួយស្នាមញញឹមដ៏កក់ក្តៅ និង ទឹកចិត្តល្អសណ្តោសទាំងនេះ លោកស្រីក៏បានជួបប្រទះបៀមទុក្ខនូវរឿងរ៉ាវជូរចត់ក្នុងជីវិតជាច្រើនមកហើយដែរ ទាំងរឿងគ្រួសារ ការងារ និង រឿងផ្ទាល់ខ្លួនផ្សេងៗទៀត ។ អ្វីដែលមិនគួរឱ្យនឹកគិតនោះ គឺរឿងសុខភាពតែម្តង ។
យើងធ្លាប់តែឃើញតារាស្រីរូបនេះ មានភាពរឹងមាំ មានជំហររឹងប៉ឹងក្នុងការធ្វើការ ការចិញ្ចឹមកូនប្រុសស្រី ៦ នាក់ តែមិនដឹងសោះឡើយថា អ្នកស្រីមានសុខភាពមិនសូវជាល្អប៉ុន្មានឡើយ ព្រោះត្រូវបានរុករានដោយជំងឺផ្សេងៗជារឿយៗ ។ កាលពីឆ្នាំ ២០១៧ កន្លងទៅ នៅពេលកំពុងមានរឿងចម្រូងចម្រាស់លែងលះជាមួយស្វាមី អ្នកស្រីបានឱ្យដឹងថា ដោយសារតែខ្លួនមានជំងឺលើសឈាម វាបានធ្វើឱ្យលោកស្រីវិវត្តទៅជាជំងឺម៉្យាងទៀត ដែលហៅថា «Bell Palsy» ។
ជំងឺនេះ គឺជាជំងឺដែលធ្វើឱ្យកោសិកាប្រាសាទសាច់ដុំនៅលើមុខខូចខាតលែងធ្វើការ បង្កទៅជាការស្ពឹកផ្ទៃមុខលែងដឹង ថែមទាំងធ្វើឱ្យទម្រង់វៀចខុសទ្រង់ទ្រាយថែមទៀតផង ។ លើសពីនេះទៅទៀត នៅឆ្នាំ ២០១៣ អ្នកម្តាយកូន ៦ នាក់រូបនេះ បានឆ្លងកាត់ការវះកាត់យកសុដន់ចេញផងដែរ ព្រោះតែមានហ្សែនប្រឈមខ្លាំងជាមួយនឹងជំងឺមហារីកសុដន់ តមកពីម្តាយដែលបានស្លាប់ដោយសារជំងឺនេះ ។ មិនត្រឹមតែប៉ុណ្ណេះ នៅឆ្នាំ ២០១៥ អ្នកស្រីក៏បានឆ្លងកាត់ការវះកាត់ស្បូនយកអូវែចេញថែមទៀត ព្រោះតែមានហ្សែនប្រឈមនឹងជំងឺមហារីកក្រពេញអូវែដូចគ្នា ។
យ៉ាងណាមិញ អ្នកស្រីក៏បានជាសះស្បើយពី Bell Palsy រួចមកហើយដែរ ដោយសារតែការយកចិត្តទុកដាក់ព្យាបាលស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ។ ចំណែកអ្នកគាំទ្រ ក៏នឹកអត់សរសើរមិនឡើយ នូវកម្លាំងចិត្តក្លាហ៊ានរបស់លោកស្រី ដែលហ៊ានពុះពារជាមួយជំងឺកាចសាហាវទាំងនេះ រហូតបានបន្តនៅផ្តល់ស្នាមញញឹមកក់ក្តៅដល់សព្វថ្ងៃ ៕