មានសង្ឃឹមហើយហ្វេនៗ! នេះជាតារាកូរ៉េ បាក់ចិត្តស្រឡាញ់អ្នកគាំទ្រខ្លួន រហូតបានរៀបការ
រឿងគូព្រេងគូវាសនានេះ ពិតជាមើលមិនឃើញមែន បើទោះជាគូខ្លះមានភាពខុសគ្នាខ្លាំង ទាំងឋានៈ មុខមាត់ កេរិ៍្តឈ្មោះយ៉ាងណាក៏ដោយ ក៏ចុងក្រោយព្រហ្មលិខិតនៅតែបង្វែរមកឱ្យរកគ្នាឃើញ នៅតែអាចមករួមរស់ជាដៃគូជាមួយគ្នាដដែល ។ ជាក់ស្តែង ដូចជាតារាកូរ៉េប្រុសស្រីមួយចំនួន ដ្បិតខ្លួនជាតារាល្បី មានប្រជាប្រិយភាព មានមុខមានមាត់ក្នុងសង្គមក៏ពិតមែន បែរជាមិនបេតីស្រឡាញ់តារាគ្នាឯងនោះទេ ស្រាប់តែមកជំពប់ស្នេហ៍អ្នកគាំទ្រ បាក់លង់ងើបមិនរួច រហូតឈានទៅដល់ការរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលតែម្តង ។ ខាងក្រោមនេះ តារាកូរ៉េប្រុសស្រីដែលបានរៀបការជាមួយអ្នកគាំទ្រ ៖
១. លោក Park Hae IL និង Seo Yoo Seon
Seo Yoo Seon ជាអ្នកសរសេសាច់រឿងម្នាក់ ដែលជាអ្នកគាំទ្រតារាសម្តែងប្រុស Park Hae IL ។ ថ្ងៃមួយ Yoo Seon មានឱកាសបានទៅមើលការសម្តែងរបស់ Park Hae IL ផ្ទាល់ ពួកគេក៏បានស្គាល់គ្នាធម្មតា រួចក្រោយមកក៏ឈានដល់ទំនាក់ទំនងស្នេហា រៀបការសាងគ្រួសារតែម្តង ។
២. លោក Nam Kyung Joo និង Jung Hee Wook
Jung Hee Wook គ្រាន់តែជាអ្នកគាំទ្រនារីម្នាក់ ដែលតែងលួចទៅក្រោយឆាកសុំហត្ថលេខាតារាសម្តែងប្រុស Nam Kyung Joo ប៉ុណ្ណោះ ។ លោក Kyung Joo ក៏បានចាប់អារម្មណ៍នាងដែរ ប៉ុន្តែពួកគេបានរក្សាឋានៈគ្នាជាតារា និង អ្នកគាំទ្រអស់រយៈពេលជាង ៣ ឆ្នាំ ។ យូរៗទៅពួកគេក៏ចាប់ផ្តើមណាត់គ្នា ទៅនេះទៅនោះ ដើរលេងសារសង រហូតក្លាយទៅជាចំណងស្នេហា ។
៣. លោក Yoon Soo IL និង Kim Sun Shim
តារាចម្រៀង Yoon Soo IL មានម្តាយមានជំងឺមហារីក ដែលអាចរស់នៅបានត្រឹម ៦ ខែប៉ុណ្ណោះ ។ អ្នកគាំទ្រជាច្រើនបានចេញមកលើកទឹកចិត្ត ក្នុងចំណោមអ្នកគាំទ្រនោះក៏មាននារីម្នាក់ឈ្មោះ Kim Sun Shim ដែលតែងតែចូលខ្លួនមកនៅក្បែរឱ្យកម្លាំងចិត្តលោកគ្រប់ពេល ។ ដោយសារតែអំពើល្អរបស់នាង ក៏បានធ្វើឱ្យលោកលង់ស្រឡាញ់ រហូតឈានដល់ការដឹកដៃគ្នាចូលរោងការ ។
៤. លោក Lee Se Joon និង Kang kyung Jin
Kang kyung Jin ធ្លាប់តែជានារីអ្នកគាំទ្រម្នាក់ តែងតែផ្ញើកាដូឱ្យតារាប្រុស Lee Se Joon ប៉ុណ្ណោះ ។ ថ្ងៃមួយ ពួកគេក៏បានជួបគ្នា រួចសំណេះសំណាលគ្នាធម្មតាតាមលក្ខណៈតារា និង អ្នកគាំទ្រ បន្ទាប់មកក៏មិនបានចាប់អារម្មណ៍អ្វីទៀតនោះទេ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ពួកគេក៏ចៃដន្យជួបគ្នាម្តងទៀត លើកនេះក៏លង់ស្រឡាញ់គ្នាតែម្តង ។
៥. នាង Shoo និង កីឡាករ Im Hyo Sung
កីឡាបាល់បោះ Im Hyo Sung ស្រឡាញ់គាំទ្រក្រុមចម្រៀងនារី S.E.S ខ្លាំងណាស់ ជាពិសេសគឺ សមាជិក Shoo ។ ចុងក្រោយ អ្នកទាំងពីរក៏បានជួបគ្នាសាងស្នេហ៍ជាគូស្វាមីភរិយាតែម្តង ៕