ធ្ងន់ហើយ! Lucas ត្រូវគេទាមទារឱ្យបណ្តេញចេញពីក្រុម ក្រោយផ្ទុះរឿងបោកស្រីៗទិញអីវ៉ាន់ប្រ៊េនប្រើ
ថ្មីៗកន្លងទៅនេះ រឿងរ៉ាវអាស្រូវមិនគប្បីរបស់តារាប្រុស Lucas ដែលត្រូវបានគេចោទប្រកាន់ពីការបោកបោកប្រាស់នារីៗជាច្រើននាក់ ដើម្បីលួងលោមទាក់ទាញឱ្យពួកគេទិញរបស់ប្រ៊េនឱ្យខ្លួននោះ កំពុងតែបំបុកភាពឆាបឆួលក្តៅគគុកក្នុងអារម្មណ៍មហាជនមិនតិចនោះទេ ព្រោះតែមាននារីពីរនាក់ទៀតហើយ បានចេញមុខមកទម្លាយរឿងនេះជាបន្តបន្ទាប់ ។
ក្នុងនោះ Lucas ជាសាមីខ្លួន ក៏បានចេញមុខមកសារភាពកំហុស រួចសុំទោសជាសារធារណៈមកហើយ ព្រមទាំងបានសម្រេចផ្អាករាល់សកម្មភាពការងាររបស់ខ្លួនថែមទៀត ក្នុងបំណងយកពេលវេលាទៅកែខ្លួនឡើងវិញ ។
យ៉ាងណាមិញ ទោះសុំទោសមួយលានដង ក៏នៅមិនអាចបំបាត់ដំបៅចាស់ពើតផ្សា រួមជាមួយភាពខកចិត្តដែលកំលោះរូបនេះបានសាងក្នុងបេះដូងអ្នកគាំទ្របានដែរ ។ ដោយសារមានមហាជនមួយចំនួន បានដាច់ចិត្តមិនទទួលស្គាល់ការសុំទោស រហូតឈានដល់ការទាមទារឱ្យរូបលោកចាកចេញពីក្រុម NCT និង WAYV តែម្តង ដោយបានលើកឡើងថា លោកអាចធ្វើឱ្យប៉ះពាល់ដល់សមាជិកដទៃទៀត ដែលគ្មានកំហុស ។ លើសពីនេះ ពួកគេក៏បានរំអុកដល់ផលិតកម្ម SM ឱ្យចាត់ការលើរឿងនេះផងដែរ ហើយថែមទាំងបង្កើតយុទ្ធនាការទាមទារមួយចំនួននៅក្នុងបណ្តាញសង្គម Twitter ថែមទៀតផង ។
ខណៈការទាមទារប្រឆាំងបែបនេះ កំពុងស្រោចស្រពទៅលើតារាប្រុស Lucas ក្នុងនោះក៏មានមហាជនមួយចំនួនតូច ដែលនៅមានទឹកចិត្តយោគយល់ចេះលើកលែង បានលើកឡើងដូច្នោះដែរថា មិនគួរបណ្តេញលោកចេញពីក្រុមឡើយ ព្រោះលោកបានសារភាពកំហុសរួចរាល់ហើយ សុំទុកពេលឱ្យលោកកែខ្លួនខ្លះផងទៅ ៕
ប្រភព៖ ALL KPOP