មុនជួបស្វាមីស្រឡាញ់ពិត Janie ធ្លាប់មានស្វាមីចិត្តឆៅ ដាក់សម្ពាធឡើងបាក់ស្បាត
តារាស្រី Jenie Theaphosuwan ជាតារាស្រីម្នាក់ដែលបានជួបព្យុះភ្លៀងជីវិតដ៏ធំបំផុតស្ទើរតែមិនអាចទប់ទល់បាន ។ ជាក់ស្តែង កន្លងមកនាងតារាស្រីរូបនេះ បានជួបជីវិតគូដ៏សែនអួអាប់ និង ឈឺចាប់បំផុត ដោយនាងត្រូវបានមនុស្សដែលខ្លួនស្រឡាញ់ និង តែងហៅថាស្វាមី វាយធ្វើបាបឡើងទ្រោមខ្លួនស្ទើរតែនឹងផុតដង្ហើមស្លាប់ ។
គេនៅចាំបានថា កាលពីអតីតកាល នាង Jenie និង បុរសម្នាក់ ឈ្មោះ A Chonsawat បានសាងទំនាក់ទំនងនឹងគ្នាជាគូស្នេហ៍ ។ ក្រោយសាងទំនាក់ទំនងក្នុងនាមគូស្នេហ៍មិនដល់ ១ ឆ្នាំផង ខាងប្រុសបានសុំតារាស្រី Jenie រៀបការដោយចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នាបំពេញមុខគ្រួសារទាំងសងខាង ។ ការចាប់ផ្តើមសាងសុភមង្គលស្នេហានេះ ដំបូងអ្នកទាំងពីរហាក់ដូចជាបង្ហាញភាពផ្អែមល្ហែមឱ្យគ្នាមិនដាច់នោះឡើយ រហូតមហាជនលាន់មាត់ថា Jenie ជាតារាស្រីដែលមានសំណាង បានស្វាមីយល់ចិត្ត និង មើលថែបានល្អ ។
គួរឱ្យស្តាយ ពាក្យដែលមហាជនធ្លាប់សរសើរថានាងមានសំណាងនោះ ប្រែផ្លាស់មកពាក្យថាកម្មមួយប៉ប្រិចភ្នែក បន្ទាប់ពីសាងភាពផ្អែមល្ហែមបាន ១ ឆ្នាំបន្ទាប់នោះ នាងបែរជារងកម្មត្រូវស្វាមីឈ្មោះ A Chonsawat លួចលាក់ក្បត់ចិត្តមានអ្នកទី ៣ មកបំភ្លៃថាអស់ចិត្ត រហូតឈានទៅដល់ការវាយដំធ្វើបាបនាងដូចសត្វធាតុ បង្កឱ្យមានរបួសទាំងកាយ និង ផ្លូវចិត្ត ស្ទើរតែឱ្យនាងបញ្ចប់ជីវិតនាពេលនោះ ។ យ៉ាងណាមិញ ក្រោយពីអតីតស្វាមីបានប្រើប្រាស់អំពើហិង្សារួចនោះ មិនបង្អង់យូរនាង Jenie ក៏បានបញ្ចប់ជីវិតគ្រួសារជាមួយអតីតស្វាមីនោះភ្លាម ដោយមិនមានចងគំនុំប្តឹងផ្តល់អ្វីឡើយ ។
ក្រោយពីនាងបានបញ្ចប់ជីវិតគ្រួសារជាមួយអតីតស្វាមីរួចរាល់ហើយ មិនយូរប៉ុន្មាននាងក៏បានបើកបេះដូងទទួលអ្នកថ្មីចូលមកស្អំរបួស ដែលជាបុរសវ័យក្មេងឈ្មោះ Mikky មានអាយុប្អូននាងរហូតទៅដល់ ១០ ឆ្នាំ ។ លើសពីនេះទៅទៀត មិនយូរប៉ុន្មានជីវិតស្នេហារបស់អ្នកទាំងពីរ ក៏បានឈានទៅដល់ថ្ងៃមង្គលការយ៉ាងអធិកអធម កាលពីថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ ក្រោយពីរៀបការជាមួយស្វាមីក្រោយរួចមក ជីវិតសគូរបស់នាងជាមួយស្វាមីវ័យក្មេង ហាក់បីទទួលបានសុភមង្គលយ៉ាងខ្លាំង ដែលមកទល់នឹងពេលនេះ នាងក៏ទទួលបានកូនស្រីជាចំណងដៃម្នាក់ចូលមកក្នុងគ្រួសារថែមទៀតផង ៕
ប្រភព៖ Posttoday