ជីវិតពិត តួអាក្រពើធំ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» រកបានប្រពន្ធល្អ តែបែរអភ័ព្វរឿងមួយ
តារាសម្ដែង Pal Sinn ដែលប្រិយមិត្តនិយមមើលរឿងភាគហុងកុងស្គាល់ថា ជាតួអង្គចិត្តអាក្រក់ និង មានឈ្មោះថា អាក្រពើធំក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» នោះ ជីវិតក្រៅសាច់រឿងរបស់លោក គឺផ្ទុយស្រឡះពីក្នុងរឿងទាំងស្រុង ។
ក្នុងសាច់រឿង Pal Sinn គឺជាមនុស្សដែលគ្រប់គ្នាស្អប់ ប៉ុន្តែខ្សែជីវិតពិតវិញ តារាប្រុសរូបនេះ គឺគួរឱ្យអាណិតជាទីបំផុត ។ តារាសម្ដែង Pal Sinn គឺជាមនុស្សម្នាក់ ចូលចិត្ត និងស្រឡាញ់ក្មេងៗណាស់ អស់រយៈកាលជាង ១០ ឆ្នាំ ក្រោយរៀបការនឹងតារាចម្រៀងហុងកុង Paisley Wu ប្ដីប្រពន្ធតារាមួយគូនេះ តែងតែព្យាយាមចង់បានកូនជានិច្ច ប៉ុន្តែនៅតែមិនសមបំណងទាល់តែសោះ ។
ក្រោយទាក់ទងស្នេហាគ្នារយៈពេល ១១ ឆ្នាំ តារាសម្ដែង Pal Sinn និងតារាចម្រៀង Paisley Wu បានសម្រេចចិត្តរៀបការនឹងគ្នាក្នុងឆ្នាំ ២០០៨ ។ កាលពីមុន ពួកគេទាំង ២ ធ្លាប់បានទម្លាយថា ពួកគេចង់មានកូនជាមួយគ្នា មុនរៀបការទៅទៀត ប៉ុន្តែក្រោយព្យាយាមយកកូន តែមិនជោគជ័យច្រើនឆ្នាំមក ពាក្យចចាមអារ៉ាមមួយចំនួនក៏បានលេចឮឡើងថា Paisley បានចាប់ផ្ដើមសុំការជួយពីម្ដាយ គ្រូពេទ្យ និងអ្នកជំនាញផ្សេងៗទៀត ។
បើតាមប្រភពជិតស្និទ្ធមួយបានលើកឡើងថា តារាសម្ដែង Pal និងភរិយា បានទៅធ្វើការប្រឹក្សាជាមួយក្រុមគ្រូពេទ្យ ជុំវិញបញ្ហាមិនមានកូនរបស់ពួកគេ ។ គ្រូពេទ្យបានធ្វើការពិនិត្យពួកគេទាំង ២ ហើយជាលទ្ធផលគឺមិនមែនជាកំហុសរបស់ Paisley ឡើយ ។ ក្រុមគ្រូពេទ្យបានណែនាំឱ្យពួកគេព្យាយាមជាថ្មី ។
តារាសម្ដែង Pal Sinn គឺត្រូវបានឱ្យដឹងថា ស្មោះស្ម័គ្រ និងស្រឡាញ់ភរិយាលោកយ៉ាងខ្លាំង ដោយសារតែនាងគឺជាមនុស្សម្នាក់ ដែលតែងតែនៅក្បែរលោករាល់ពេលដែលជួបបញ្ហាលំបាកក្នុងជីវិតកន្លងមក ។ ហេតុដូចនេះហើយ បើទោះបីជាអភ័ព្វ មិនមានកូនប្រឡែងដូចគេ មកទល់បច្ចុប្បន្ន លោកតែងតែចំណាយពេលភាគច្រើននៅជាមួយប្រពន្ធ ដើរតួនាទីជាស្វាមីដ៏ល្អម្នាក់ជានិច្ច ៕
ប្រភព៖ Jayne Stars