ទម្រាំក្លាយជាតារាល្បី Tonon ធ្លាប់មានជីវិតសែនកម្សត់ ធ្វើជាកម្មករកាត់ស្មៅ
លោក Tonon ជាតារាប្រុសសង្ហាម្នាក់ ដែលមហាជនមិនអាចបំភ្លេចបាននោះទេ តាមរយៈការសម្តែងរឿងជាច្រើនរបស់លោក។ បើងាកទៅមើលពីជីវិតឯកជនរបស់លោកវិញ បើទោះជាតារាប្រុសរូបនេះស្ងាត់បាត់មុខពីសិល្បៈ មិនសូវឃើញវត្តមាននៅក្នុងការសម្តែងច្រើនដូចមុនក្តី តែលោកក៏កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយនឹងជីវិតដ៏ហាយសូរដែរ នេះបើតាមការបង្ហោះរបស់លោកនាពេលកន្លងទៅ។
បើទោះបីជាពេលនេះលោកកំពុងតែមានក្តីសុខ និង រស់នៅលើគំនរទ្រព្យក៏ដោយ ប៉ុន្តែតារាប្រុសរូបនេះក៏មានអតីតកាលដ៏កម្សត់ និង ជីវិតតស៊ូមិនអាចបំភ្លេចបានផងដែរ ។ អតីតកាលរបស់តារាប្រុស Tonon ហាក់គ្មានអ្នកគាំទ្រណាម្នាក់បានដឹងនោះទេ តាមពិតមុននឹងតារាប្រុសរូបនេះមានជីវិតដ៏សម្បូរសប្បាយក្លាយជាតារាល្បីដូចសព្វថ្ងៃនេះ ពីមុនរូបគេក៏ធ្លាប់ឆ្លងកាត់ជីវិតកម្មករគេយ៉ាងកម្សត់ផងដែរ។
ជាការពិត នៅអំឡុងពេលតារាប្រុស Tonon មិនទាន់ចូលសិល្បៈ តារាប្រុសរូបនេះក៏ធ្លាប់ទម្លាយប្រវត្តិរបស់ខ្លួនថា លោកធ្លាប់ជាកម្មករស៊ីឈ្នួលកាត់ស្មៅឱ្យគេដូរយកលុយ ២០០ បាត ដើម្បីយកទៅទិញបាយហូប។ ពេលខ្លះមិនមានគេជួល លោក និង គ្រួសារ បង្ខំចិត្តញុំាបាយតែមួយប្រអប់ជាមួយគ្នាក៏មាន តែចុងក្រោយនៅអាយុប្រហែល ២០ ឆ្នាំ លោកក៏មានវាសនាបានអ្នកដឹកនាំរឿងម្នាក់ ណែនាំឱ្យចូលប្រកួតក្នុងកម្មវិធី «Friday The Idol Project 2010» ពេលនោះហើយដែលលោកចាប់ផ្តើមមានមហាជនជាច្រើនបានស្គាល់ និង ចាប់ផ្តើមមានអ្នកហៅសម្តែងរឿងជារឿយៗ រហូតគ្រងបានដំណែងជាតួឯកប្រុសជាច្រើនរឿងផងដែរ នៅក្នុងខ្សែភាពយន្តថៃ។
ពិតណាស់ លោកជាគំរូដ៏ល្អដល់មនុស្សជាច្រើនឱ្យក្រោកឈរតស៊ូ កុំចុះចាញ់នឹងជីវិត ហើយវាសនាមនុស្សម្នាក់ៗមើលមិនឃើញនោះទេ ជាក់ស្តែងដូចតារាប្រុសលោក Tonon អ៊ីចឹង ។ លើសពីនេះទៅទៀត ពេលនេះបើទោះបីជាលោកមិនសូវលេចមុខនៅក្នុងការងារសិល្បៈ តែមហាជននៅតែគាំទ្រ និង ហៅរកឈ្មោះលោកជានិច្ច៕
ប្រភព៖ today