មុនជ្រុះបេះដូងលើ Mai Davika ប្រុសស្អាត Ter ធ្លាប់ស្រឡាញ់តារាស្រីរូបនេះ ៧ឆ្នាំ
មកទល់ពេលនេះ ប្រមាណជាជិត ៤ ឆ្នាំទៅហើយដែលតារាសម្ដែងប្រុសជួរមុខថៃ លោក Ter Chantavit មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងស្រី Mai Davika។ ទំនាក់ទំនងស្នេហារបស់តារាទាំងពីរ ត្រូវបានអ្នកគាំទ្រសង្កេតឃើញពីភាពស្អិតល្មួតនឹងគ្នាខ្លាំងណាស់ ហើយដោយសារបែបនេះទើបអ្នកគាំទ្រក៏តែងតែបន់ឱ្យពួកគេកាន់ដៃគ្នាចូលរោងការឆាប់ៗទៀតផង។
យ៉ាងណាមិញ បើនិយាយពីជីវិតឯកជនរបស់តារាប្រុស Ter Chantavit វិញ មានរឿងខ្លះដែលមហាជនអ្នកគាំទ្រមួយចំនួនមិនបានដឹងនោះទេ ជាពិសេសគឺរឿងទំនាក់ទំនងស្នេហារបស់លោក ដោយ មុនមកជួបនឹងតារាស្រី Mai Davika នោះ តារាប្រុសរូបនេះធ្លាប់ផុងស្នេហ៍ជាមួយនឹងនារីម្នាក់អស់ពេល ៧ ឆ្នាំ ដែលនារីរូបនោះត្រូវបានគេស្គាល់ឈ្មោះថា Peak Pattarasaya ជាតារាសម្តែងស្រីក្នុងពិភពសិល្បៈម្នាក់ដែរ។
ខណៈពេលផ្តើមស្នេហ៍នោះដែរ តារាប្រុស Ter Chantavit និង នាង Peak Pattarasaya មិនបានលាក់បាំងអ្វីនោះទេ ដោយបានបើកចំហឱ្យមហាជនបានឃើញពីភក្តីស្នេហ៍របស់អ្នកទាំងពីរ មិនថាសកម្មភាពផ្អែមល្ហែម ឬ ការដើរលេង រហូតមានដំណឹងថាអ្នកទាំងពីរអាចនឹងកាន់ដៃគ្នាចូលរោងការថែមទៀតផង។
ក្រោយទាក់ទងគ្នាបាន ៧ ឆ្នាំ ចុងក្រោយស្នេហារបស់ Ter Chantavit និង នាង Peak Pattarasaya ដែលខំសាងនោះក៏បានបញ្ចប់ បន្ទាប់ពីខាងស្រីសុំបែក ដោយបន្សល់ទុកត្រឹមអនុស្សាវរីយ៍ជាមួយគ្នាតែប៉ុណ្ណោះ។ គ្រានោះដែរ តារាប្រុស Ter ក៏បានចេញមកប្រកាសជាសាធារណៈទាំងទឹកភ្នែកឈឺចាប់ផងដែរ ចំពោះទំនាក់ទំនងស្នេហាដែលត្រូវបានបញ្ចប់នោះ។ ទោះជាយ៉ាងណា មកទល់ពេលនេះ អ្នកទាំងពីរមានផ្លូវដើររៀងៗខ្លួនហើយ៕
ប្រភព៖ today