ចំណងស្នេហ៍ ១០ ឆ្នាំ របស់តួអ្នកក្លាហានខ្វាក់ និង ភរិយា មានបញ្ហាច្រើន ក្រោយធ្វើបែបនេះ
តារាសម្ដែងឆ្នើមប្រចាំប៉ុស្តិ៍ TVB លោក Vincent Wong ដែលអ្នកគាំទ្រភាគច្រើនតែងហៅថា អ្នកក្លាហានខ្វាក់ បច្ចុប្បន្ននេះ តារាប្រុសរូបនេះវ័យ ៣៨ឆ្នាំរូបនេះ បានរីកមុខរីកមាត់យ៉ាងខ្លាំងមានអ្នកគាំទ្រជាច្រើន ក្នុងប្រទេសកម្ពុជា តាមរយៈរឿងភាគដ៏ល្បី «យុទ្ធសាស្រ្តបំបែកក្តី»។
ដូចដែលប្រិយមិត្តអ្នកគាំទ្របានជ្រាបខ្លះៗរួចហើយ អំពីតារាសម្ដែង Vincent Wong ជាតារាប្រុសសម្បូរប្រជាប្រិយក្នុងការគាំទ្រខ្លាំងបំផុត ក្នុងចំណោមតារាជួរមុខរបស់ TVB។ ប៉ុន្តែអ្នកគាំទ្រមួយចំនួន អាចនឹងមិនធ្លាប់បានដឹងអំពីភរិយារបស់តារាប្រុសរូបនេះ ពីមុននោះទេ។
តារាសម្ដែងហុងកុង លោក Vincent Wong និង អ្នកនាង Yoyo Chen បានសម្រេចរៀបការសាងគ្រួសារជាមួយគ្នា ក្នុងឆ្នាំ២០១១ ព្រមទាំងមានកូនស្រីម្នាក់ អាយុ ៩ឆ្នាំ ជាចំណងដៃ។ ថ្វីដ្បិតថា អ្នកទាំងពីរបានរៀបការជាមួយគ្នាបានជាង ១០ឆ្នាំក៏ពិតមែន ប៉ុន្តែក្នុងទំនាក់ទំនងប្តីប្រពន្ធរបស់ពួកគេ ហាក់ដូចជាខ្វះភាពប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយផ្អែមល្ហែមនឹងគ្នា។
ជាក់ស្ដែង នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់តារាសម្ដែង TVB Anniversary នាពេលកន្លងទៅ លោកបានឈ្នះនូវពានរង្វាន់តារាសម្ដែងឆ្នើម ក្នុងរឿង «Legal Mavericks ឆ្នាំ 2020» ហើយភរិយារបស់លោក ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ។ ប៉ុន្តែនៅខាងក្រោមឆាក អ្នកនាង Yoyo Chen បានបដិសេធមិនព្រមថតរូបគូជាមួយនឹងលោកនោះទេ។
មិនត្រឹមប៉ុណ្ណោះទេ ទាំងលោក Vincent និង អ្នកនាង Yoyo អ្នកទាំងពីរក៏មិនបានរលឹកពីគ្នាទៅវិញទៅមក នៅលើបណ្ដាញសង្គមនោះដែរ ជាហេតុធ្វើឱ្យគេគ្រប់គ្នាឆ្ងល់ថា ចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរអាចនឹងមានបញ្ហា។
ទោះយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនដែលថាលោក Vincent បានទាក់ទងជាមួយតារាសម្តែងស្រីល្បីៗដូចជា Fala Chen, Jacqueline Wong និង Kaman Kong។ សូម្បីតែ Sisley Choi ដែលជាដៃគូសម្ដែងក្នុងរឿង Legal Maverick ជាមួយលោកក៏ធ្លាប់មានរឿងចចាមអារ៉ាមជាមួយលោកទៀតផង ប៉ុន្តែអ្នកទាំងពីរក៏បានបដិសេធរឿងចចាមអារ៉ាមគ្មានមូលដ្ឋានអស់ទាំងនេះហើយដែរ៕
ប្រភព៖ THESTARITSTIME