Poh ជួបរឿងស្ទើរគាំងបេះដូង ពេលទទួលបានដំណឹងដ៏តក់ស្លុតមួយពីបងស្រី
កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ តារាសម្ដែងប្រុសជួរមុខ លោក Poh Natthawut បានចេញមកបង្ហោះវីដេអូមិននឹកស្មានដល់មួយក្នុងគណនីអ៊ីនស្ត្រាក្រាមផ្ទាល់របស់លោក ដោយវីដេអូនោះបង្ហាញពីទ្រព្យសម្បត្តិ និង របស់របរមួយចំនួនធំរបស់លោក ត្រូវបានក្រុមចោរជើងល្អលួចគាស់ចូលលួចក្នុងហាង រហូតធ្វើឱ្យពិដានក្នុងហាង របូតជ្រុះធ្លាក់មកក្រោមអស់។
បើតាមបទសម្ភាសសារព័ត៌មានក្នុងស្រុកមួយ លោក Poh បាននិយាយថា ហាងរបស់លោកបានបិទទ្វារទុកអស់រយៈពេលប្រមាណជា ៥ ខែមក ព្រោះតែកូវីដ-១៩ ក៏ប៉ុន្តែទើបតែថ្ងៃមុនកើតហេតុបងស្រីរបស់លោកបានទៅហាងដើម្បីស្រោចផ្កាដែលដាំលម្អហាង ព្រោះថាត្រៀមដើម្បីថាបើកហាងនៅពេលឆាប់ៗខាងមុខ ក៏ប៉ុន្តែមិននឹកស្មាន ពេលបើកទ្វារចូលហាងក៏ភ្ញាក់ផ្អើល បន្ទាប់ពីឃើញសភាពហាងខាងក្នុងត្រូវបានចោរលួចគាស់ចូលលួចអីវ៉ាន់ស្ទើរតែខ្ទេចខ្ទីអស់គ្មានសល់។
ជាមួយការដឹងដំណឹងនេះ លោក Poh ក៏បានធ្វើការរៀបចំពាក្យបណ្ដឹងទៅកាន់អាជ្ញាធរដើម្បីវែកមុខរកជននោះមកទទួលទោស ព្រោះថាហាងរបស់លោកក៏មានកាំមេរ៉ាសុវត្ថិភាពដែរ គឺអាចវែកមុខរកជននោះឃើញ។ បន្ថែមពីនេះលោក Poh បន្តថា ប្រសិនបើជាចោរនោះព្រមមកសារភាពហើយយករបស់ជូនលោកវិញនោះ លោកនឹងមិនចាត់វិធានការក្ដៅឡើយ តែប្រសិនមិនចេញមុខទេលោកនឹងធ្វើតាមនីតិវិធីច្បាប់ជាមិនខាន៕