គម្រប់ខួប ១៣ ឆ្នាំចូលសិល្បៈ រាជិនីធម៌ IU បរិច្ចាគលុយជាង ៧ សែនដុល្លារ ជួយជនក្រីក្រ
មិនត្រឹមតែមានសម្រស់ស្រស់ស្រទន់ស្អាត និង មានអត្តចរិតស្លូតបូតល្អជាទីគាប់ចិត្តរបស់អ្នកគាំទ្រ ក៏ដូចជាមហាជនប៉ុណ្ណោះនោះទេ តែកំពូលតារាស្រី IU នៅមានចិត្តបុណ្យមេត្តាចេះជួយយកអាសាអ្នកខ្សត់ខ្សោយ តាមរយៈសប្បុរសធម៌ជាច្រើនថែមទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ ដើម្បីជាការអបអរក្នុងឱកាសគម្រប់ខួប ១៣ ឆ្នាំក្នុងការឈានជើងប្រឡូកក្នុងវិស័យសិល្បៈនេះ ស្រីស្រស់ IU បានឆ្លៀតធ្វើបុណ្យបរិច្ចាគជាចំណីអាហារ ព្រមទាំងសម្ភារប្រើប្រាស់នានា ជាប្រ៊េនល្បីៗក្នុងស្រុក គិតជាទឹកប្រាក់សរុបអស់ជាង ៧២៣ ០០០ ដុល្លារឯណោះ ទៅឱ្យអង្គការ និង ស្ថាប័នសង្គ្រោះផ្សេងៗ។
សម្ភារទាំងនេះដែរ មានដូចជា ស្បែកជើងប៉ាត់តាម៉ាក New Balance ២០០០ គូ Banolim ភីស្សាជាង ២០០០ នំ អាវរងារម៉ាក BLACKYAK ២០០០ អាវ ទៅឱ្យក្មេងៗតូច និង វ័យជំទង់នៅតាមមណ្ឌលសង្គ្រោះ ព្រមទាំងភួយ និង កម្រាលពូកម៉ាក Evezari ៣០០ សម្រាប់ ថ្នាំ ឧបករណ៍សង្រ្គោះបឋម ២០០០ សម្រាប់ ព្រមទាំងទឹកបរិសុទ្ធម៉ាក Jeju Samdaso ៣០ ០០០ ដបទៀត ឱ្យទៅមណ្ឌលសុខភាពជាច្រើនផងដែរ។
យ៉ាងណាមិញ តាមផលិតកម្ម EDAM Entertainment របស់ IU បានឱ្យដឹងថា ក្រុមហ៊ុនប្រ៊េនដែលនាងសម្រេចយកមកបរិច្ចាគទាំងនេះ គឺជាក្រុមហ៊ុនដែលនាងបានធ្វើការផ្សព្វផ្សាយឱ្យទាំងអស់ ហើយនាងបានស្នើសុំឱ្យពួកគេចូលសហការក្នុងសប្បុរសធម៌នេះផងដែរ ដូច្នេះមានន័យថានាងនឹងត្រូវចេញតែថ្លៃពាក់កណ្តាលប៉ុណ្ណោះនៃតម្លៃសរុប ៧២៣ ០០០ ដុល្លារនោះ៕