ព្រះ! ដើម្បីថតរូប Rose នៅ Met Gala ប៉ុន្មានសន្លឹក ហ្វេនម្នាក់ចាយលុយសឹងទិញផ្ទះបានមួយជុង
ថ្មីៗកន្លងទៅនេះ ស្រីស្រស់ Rose បានលេចវត្តមានជាតារាស្រីក្នុង K-POP ដំបូងបង្អស់ ដែលមានវត្តមានចូលរួមជាភ្ញៀវកិត្តិយសតាមរយៈក្រុមហ៊ុនប្រ៊េនល្បី YSL Saint Laurent នៅក្នុងពិព័រណ៍ហ្វេសិនដ៏ធំប្រចាំឆ្នាំ Met Gala នាទីក្រុង New York សហរដ្ឋអាមេរិក។
ក្នុងនោះ សម្រស់ស្រស់ស្រទន់គួរទាក់ទាញបេះដូងឱ្យលិចលង់របស់នាងក្នុងឈុតខ្មៅខ្លី ជាមួយគ្រឿងអលង្ការចែងចាំង ត្រូវបានជាងថត និង អ្នកកាសែតជនជាតិបរទេសជាច្រើន ស្រវាផ្តិតជាប់ជារូបភាពដ៏ត្រជាក់ភ្នែក រួចចែកចាយពាសពេញបណ្តាញសង្គម ធ្វើឱ្យទទួលការសរសើរពីសំណាក់មហាជនជាច្រើនមិនដាច់ពីមាត់ថែមទៀតផង។
យ៉ាងណាមិញ លើសពីនេះទៅទៀតនោះ គឺមានអ្នកគាំទ្រជិតដិត (Fansite) របស់ Rose ជាជនជាតិកូរ៉េម្នាក់ ដែលមានបណ្តាញសង្គម Twitter ឈ្មោះថា Rosiness 0211 ក៏បានមានវត្តមានជាអ្នកតាមផ្តិតរូបភាពកាយវិការរបស់នាងនៅក្នុងកម្មវិធីនេះផងដែរ។ អ្វីរឹតតែភ្ញាក់ផ្អើលនោះ គឺគេបានឱ្យដឹងថា អ្នកគាំទ្រម្នាក់នេះ ត្រូវចំណាយប្រាក់ច្រើនខ្លាំងណាស់ ទើបអាចមានសិទ្ធិចូលរួមថតរូបតារាសំណព្វចិត្តរបស់ខ្លួននៅក្នុងកម្មវិធីលំដាប់កំពូលមួយនេះបាន។
តាមព័ត៌មានបានឱ្យដឹងដូច្នេះថា ជាធម្មតា ដើម្បីមានសិទ្ធិអាចចូលរួមក្នុងកម្មវិធីនេះ ក្នុងនាមជាអ្នកកាសែត ឬក៏អ្នកថតរូប គេតម្រូវឱ្យទិញសំបុត្រសម្រាប់ផ្នែកបណ្តាញផ្សព្វផ្សាយ ក្នុងមួយសំបុត្រតម្លៃប្រមាណចាប់ពី ៣៥ ០០០ ដុល្លារឡើងទៅ។ ហើយចំពោះអ្នកគាំទ្រម្នាក់នេះ គេមកពីប្រទេសកូរ៉េខាងត្បូង មានន័យថា គេអាចត្រូវចំណាយទៅលើការធ្វើដំណើរ ក៏ដូចជាចាយវាយលើថ្លៃអាហារស្នាក់នៅផ្សេងៗទៀតនៅក្នុងទឹកដីអាមេរិកនេះ សរុបទាំងថ្លៃសំបុត្រ រហូតអាចដល់ ៤៥ ០០០ ដុល្លារឯណោះ។
យ៉ាងណាមិញ អ្នកគាំទ្រទូទៅ ក៏ដូចជាមហាជនមួយចំនួន ពិតជាអត់ភ្ញាក់ផ្អើល ព្រមទាំងអត់សរសើរមិនបានឡើយ ដែលហ្វេនម្នាក់នេះ ហ៊ានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងនេះ សម្រាប់តារាសំណព្វចិត្ត។ គួរឱ្យដឹងដែរថា Fansite គឺជាអ្នកគាំទ្រ ដែលតែងដើរតាមតារាគ្រប់ទីកន្លែង ហើយពួកគេជាអ្នករៀបគម្រោងអបអរផ្សេងៗ ក៏ដូចជាផ្តល់កាដូថ្លៃៗទៅឱ្យតារាៗផងដែរ៕
ប្រភព៖ KPOP STARZ