តាមពិត John Cena និង ឈិន ឡុង ធ្លាប់សម្ដែងរឿងជាមួយគ្នា តែមិនអាចចាក់បញ្ចាំងបាន ព្រោះមូលហេតុនេះ
កំពូលកីឡាកាស WWE ដ៏ល្បី និងកំពូលតារាគុនចិន ត្រូវបានឱ្យដឹងថា ធ្លាប់ប៉ះគ្នាក្នុងខ្សែភាពយន្តមិនអាចចាក់បញ្ចាំងមួយ។
តារាកីឡាកាស និងសម្ដែង John Cena និងតារាសម្ដែងចិន Jackie Chan «ឈិន ឡុង» បានធ្លាប់ថតខ្សែភាពយន្តជាមួយគ្នាក្នុងឆ្នាំ ២០១៨ ដែលភាពយន្តនោះមានចំណងជើងថា «Snafu»។
បើតាម Collider បានឱ្យដឹងថា មូលហេតុរឿងមួយនេះអាចនឹងមិនចាក់បញ្ចាំងបាន ព្រោះតែរឿងនោះបានថតនៅក្នុងប្រទេសចិន ហើយវាមានជួបបញ្ហាលំបាកមួយចំនួន ដោយសារតែជម្លោះទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិក។
តាមសារព័ត៌មានដដែលបានលើកឡើងទៀតថា ផលិតកម្មនៅក្នុងប្រទេសចិន ក៏មិនចង់ដាក់បញ្ចាំងរឿងមួយនេះក្នុងឆ្នាំ ២០២១ ដែរ ដោយសារតែថ្មីៗកន្លងទៅ John Cena ធ្លាប់បានច្រឡំនិយាយថា តៃវ៉ាន់ គឺជាប្រទេស អំឡុងពេលធ្វើសន្និសីទផ្សព្វផ្សាយរឿង «F9: The Fast Saga» នោះ។
ដោយឡែក មូលហេតុមួយទៀតនោះ គឺដោយសារតែបញ្ហាប៉ះពាល់ដោយវីរុសកូវីដ-១៩ ទើបធ្វើឱ្យរឿងមួយនេះនៅតែបន្តពន្យារពេលចាក់បញ្ចាំងរហូត៕
ប្រភព៖ Ladbible