ឃើញសម្ដែងតួកំប្លុកកំប្លែង Nattapong ក៏មានជំនាញនេះដែរ ហើយជាមនុស្សបែបនេះទៀត
អ្នកនិយមតាមដានរឿងភាគ និង ជីវិតអ្នកសិល្បៈថៃច្បាស់ជាស្គាល់ ព្រមទាំងធ្លាប់បានទស្សនាជាក់ជាមិនខាន តារាសម្ដែងប្រុសបែបកំប្លុកកំប្លែងនាយ Nattapong Chartpong ដែលជាតារាប្រុសម្នាក់តែងតែនាំភាពសើចសប្បាយជូនទស្សនិកជន។ មិនថាមហាជនក្នុង និង ក្រៅស្រុកតែងតែគាំទ្រ និង ស្រឡាញ់ចំពោះភាពកំប្លុកកំប្លែងរបស់លោក។
ជារឿយៗ ប្រិយមិត្តតែងតែឃើញតារាប្រុសរូបនេះសម្ដែងជាអ្នកកំប្លុកកំប្លែងប៉ុណ្ណោះ ពុំសូវជាឃើញសម្ដែងតួឯកប៉ុន្មានឡើយ។ ជាការពិត បើកក្រឡែកទៅមើលពីជីវិតឯកជនតារានេះវិញ ក៏មិនធម្មតាដែរ ទោះបីសម្ដែងត្រឹមតួកំប្លែង តែជីវិតពិតលោកហាក់រស់នៅលើគំនរទ្រព្យដ៏ច្រើនមិនចាញ់តារាតួឯកឡើយ។
ជាមួយគ្នានោះ មិនត្រឹមតែជាតារាកំប្លែងប៉ុណ្ណោះទេ នាយ Nattapong Chartpong ក៏មានសមត្ថភាពផ្សេងៗ ព្រមទាំងទទួលបានពានរង្វាន់យ៉ាងច្រើនទៀតផង។ តួយ៉ាង តារាប្រុសរូបនេះក៏ជាពិធីករម្នាក់ដែលមានថ្វីមាត់មិនចេះរីងស្ងួតតែងបម្រើភាពរីករាយជូនមហាជនផងដែរ។ លើសពីនោះ តារាប្រុសរូបនេះជាមនុស្សដែលស្រឡាញ់ធម្មជាតិម្នាក់ទៀតផង សូម្បីផ្ទះរបស់លោកក៏ពេញទៅដោយផ្កា និង រុក្ខជាតិចម្រុះគួរឱ្យគយគន់ណាស់៕