ទឹកជ្រោះធម្មជាតិ ៥ ខេត្ត ស្អាតដាច់គេនៅកម្ពុជា គ្រាន់តែឃើញចង់ទៅលេងភ្លាម
កម្ពុជា ជាប្រទេសសម្បូរទៅដោយតំបន់ទេសចរធម្មជាតិជាច្រើនកន្លែង ដែលមានស្ទើរពាសពេញផ្ទៃប្រទេស ដូចជា តំបន់ព្រៃភ្នំ ទឹកជ្រោះជ្រង ជ្រលងដងអូរនេះឯង។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងលើកបង្ហាញពីសម្រស់ទឹកជ្រោះធម្មជាតិចំនួន ៥ កន្លែង ដែលមានឈ្មោះល្បីរន្ទឺ តាំងទីនៅ ៥ ខេត្តនេះមកបង្ហាញម្តង ដែលមានដូចជា ៖
១. ទឹកជ្រោះភ្នំខៀវ នៅខេត្តប៉ៃលិន
ទឹកជ្រោះហូរធ្លាក់ពីលើភ្នំខួបប្រាំងខួបវស្សាដ៏ល្បីល្បាញប្រចាំទឹកដីត្បូងពេជ្របរប៉ៃលិននេះ មានទីតាំងស្ថិតនៅ ភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានចម្ងាយប្រមាណតែ ៩ គីឡូម៉ែត្រ ពីភ្នំយ៉ាតបេះដូងនៃខេត្តប៉ៃលិន។
ជាមួយនឹងទេសភាពស្រស់ត្រកាលនៃទឹកជ្រោះ រួមផ្សំជាមួយព្រៃព្រឹក្សាលតាវល្លិ៍ជាម្លប់ដើមឈើត្រឈឹងត្រឈៃផងនោះ បានបង្កឱ្យទឹកជ្រោះភ្នំខៀវនេះ ក្លាយជាទីស្ថានដ៏សែនមនោរម្យគួរឱ្យចង់ទស្សនា និង ងូតលេងកម្សាន្ត។ បន្ថែមលើសពីនេះ គេក៏មិនអាចរំលងកន្លែងសំខាន់មួយទៀត គឺឡើងទៅមើលគល់ឈើផុសចេញពីដី មានរូបរាងដូចសត្វនាគមួយគូ ប្លែកគួរឱ្យចង់ទស្សនា ហើយត្រូវបានគេយកក្រណាត់ពណ៌ខៀវ និង ពណ៌មាសទៅគ្រប់ពីលើជាតំណាងឱ្យ នាគខៀវ និង នាគភ្លើង។
២. ទឹកជ្រោះព្រះនិមិត្ត ឬ ទឹកជ្រោះសុភក្រ្តមិត្ត នៅខេត្តស្ទឹងត្រែង
ទឹកជ្រោះព្រះនិមិត្ត ឬ ទឹកជ្រោះសុភក្រ្តមិត្ត ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គភាគខាងលើនៃប្រទេសកម្ពុជា ត្រង់ចំណុចខេត្តស្ទឹងត្រែង ព្រះវិហារ និង ខេត្តចំប៉ាសាក់ប្រទេសឡាវ។ ទឹកជ្រោះព្រះនិមិត្ត ឬ ទឹកជ្រោះសុភក្រ្តមិត្តនេះ ជាកន្លែងដែលទឹកទន្លេមេគង្គបានហូរធ្លាក់យ៉ាងគំហុកកាត់តាមថ្មដា មានកម្ពស់រហូតដល់ទៅ ២៦ ម៉ែត្រ។
នៅរដូវវស្សាកម្រិតទឹកហូរមានកម្លាំងខ្លាំងបំផុត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល រំលេចផ្សែងអ័ព្ទ មើលទៅពិតជាមានភាពទាក់ទាញខ្លាំង។ ចំណែកនៅរដូវប្រាំងវិញ ល្បឿនទឹកហូរធ្លាក់ចុះទឹកហូរត្រឹមចន្លោះផ្ទាំងថ្មរដិបរដុប ដែលយើងអាចមើលឃើញដុំថ្មខ្លះមានរាងជាដុំពក ទាល និង ស្រួចតាមធម្មជាតិមានពណ៌ចម្រុះគ្នា បង្កើតបានជាបរិយាកាសមួយគួរជាទីគយគន់។
៣. ទឹកជ្រោះប៊ូស្រា នៅខេត្តមណ្ឌលគីរី
ស្ថិតនៅភូមិភាគឥឦសាននៃប្រទេសកម្ពុជា ក្នុងស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និង មានចម្ងាយប្រមាណជា ៤៣ គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ទឹកជ្រោះប៊ូស្រាដ៏ល្អឯកមានតែមួយគ្នានពីរប្រចាំខេត្តនេះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិមិនស្ទើរទេ។ ទឹកជ្រោះនេះ បានហូរធ្លាក់ក្នុងកម្ពស់ដ៏ខ្ពស់ និង ចែកចេញជាបីដំណាក់ ដែលភ្ញៀវទេសចរអាចងូតលេងកម្សាន្ត គ្រងឈុតបែបជនជាតិ និង ថតរូបទុកជាអនុស្សាវរីយ៍ ជាដើម។
៤. ទឹកជ្រោះពពកវិល នៅខេត្តកំពត
មានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត និង មានចម្ងាយប្រមាណជា ៤២ គីឡូម៉ែត្រ ពីរង្វង់មូលទុរេន ទឹកជ្រោះពពកវិល គឺជាទីស្ថានដ៏សែនមនោរម្យមួយមានទឹកហូរធ្លាក់ជា ៣ ដំណាក់ រួមផ្សំជាមួយទេសភាពធម្មជាតិ មានព្រៃព្រឹក្សាចម្រុះគ្នានៅលើកំពូលភ្នំផង ភ្ញៀវទេសចរអាចគយគន់ទឹកជ្រោះ ស្តាប់សំឡេងបក្សាបក្សីច្រៀងបំពេអារម្មណ៍ ពិតជាបរិយាកាសមិនគួរឱ្យរំលងឡើយ។
៥. ទឹកជ្រោះកាទៀង នៅខេត្តរតនគីរី
គ្រប់ពេលអ្នកទេសចរបានទៅដល់ទឹកដីខេត្តរតនគិរី ដែនដីភូមិភាគឥឦសានកាលណា គេកម្រនឹងដកចិត្តរួចពី «ទឹកជ្រោះកាទៀង» ដែលមានទេសភាពធម្មជាតិស្អាតដាច់គេនេះណាស់។ ទឹកជ្រោះនេះ មានទីតាំងស្ថិតនៅភូមិកាទៀង ឃុំល្បាង ២ ស្រុកលំផាត់ ខេត្តរតនគីរី និង មានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រ ពីវិមានឯករាជ្យ ក្រុងបានលុង។
ទឹកជ្រោះនេះ ស្ថិតក្រោមខ្សែទឹកធ្លាក់កាចាញ ប្រមាណជា ៣ គីឡូម៉ែត្រ មានសណ្ឋានជាផ្ទាំងថ្មរាបស្មើ ដែលទឹកហូរធ្លាក់ចុះក្រោមបោកផ្ទប់ទៅនឹងផ្ទាំងសិលាបែកទឹកសំពោង ជះចំហាយត្រជាក់ប៉ះកាយយ៉ា រួមផ្សំនឹងទេសភាពព្រៃព្រឹក្សាហ៊ុមព័ទ្ធជុំវិញទៀត កាន់តែធ្វើឱ្យទឹកជ្រោះនេះ ក្លាយជាទីគួរឱ្យគយគន់មិនដាក់ភ្នែក៕