ដើម្បីកតញ្ញូនឹងឪពុកចុងក្រោយ ករុណា ពេជ្រ ចំណាយជិត ១០ ម៉ឺនដុល្លារ រៀបចំបុណ្យសពឪពុក
មរណភាពលោកឪពុករបស់តារាចម្រៀង ករុណា ពេជ្រ បានធ្វើឱ្យលោកមានការសោកសង្រែង អាឡោះអាល័យយ៉ាងខ្លាំង ព្រោះដ្បិតថាឪពុកលោកបានធ្លាក់ខ្លួនឈឺក្លាយជាមនុស្សរុក្ខជាតិច្រើនឆ្នាំមកហើយក្ដី តែតារាប្រុសរូបនេះនៅតែបន្តមើលថែឪពុកយ៉ាងយកចិត្តទុកដាក់បំផុត។
ងាកមកមើលពិធីបុណ្យសពវិញ ទោះបីឪពុកទទួលមរណភាពក្នុងសម័យកូវីដរាតត្បាត តែ ករុណា ពេជ្រ បានបំពេញភាពកតញ្ញូជូនលោកឪពុកក្នុងនាមជាកូនប្រុសទោល ដោយលោកបានរៀបចំពិធីបុណ្យសពប្រកបដោយការតុបតែងផ្កាផ្ញីស្អេកស្កះ របស់របរប្រើប្រាស់សុទ្ធតែប្រណីតៗ ដែលចំណាយអស់រហូតដល់ជិត ១០ ម៉ឺនដុល្លារអាមេរិកឯណោះ។
ករុណា ពេជ្រ បានលើកឡើងថា ការចំណាយខ្ពស់លើពិធីបុណ្យឪពុករហូតដល់រាប់ម៉ឺនដុល្លារនេះ មិនមែនលោកចង់អួត សម្ញែងអ្នកណានោះទេ តែលោកចង់ធ្វើជូនលោកឪពុកឱ្យបានសមរម្យទាន់ពេលនេះលោកនៅមានលទ្ធភាព ម្យ៉ាងលោកតម្កល់សពទុករហូតដល់ ៥ យប់ ៦ ថ្ងៃ ហើយត្រូវរៀបចំតាមបែបប្រពៃណីខ្មែរ និង ប្រពៃណីចិនផង បូកទាំងការរៀបចំបុណ្យ ៧ ថ្ងៃផង ទើបត្រូវចំណាយច្រើនដូច្នេះ។
ករុណា ពេជ្រ រៀបរាប់ថាណ ៖ «ខ្ញុំចំណាយខ្ពស់បន្តិច ប៉ុន្តែខ្ញុំគិតថា ចង់ធ្វើជូនប៉ា ទាន់ខ្ញុំនៅមានលទ្ធភាពប៉ុណ្ណោះ… ហើយចំណាយខ្ពស់បន្តិចនេះ ដោយសារខ្ញុំរៀបចំតាម ខ្មែរផង តាមចិនផង អ៊ីចឹងការចំណាយគុណជា ២ ជា ៣ ម្យ៉ាងទៀតខ្ញុំរៀបចំបុណ្យតម្កល់សព ប៉ា រហូតដល់ ៥ យប់ ៦ ថ្ងៃ ហើយបន្តដល់បុណ្យ ៧ ថ្ងៃ រួចចំណាយលើការរៀបចំម៉ុងបញ្ចុះសពប៉ាទៀត…»៕