ធ្លាយខ្ទេច! នេះជាសម្រស់ ១០ ឆ្នាំមុនរបស់ Bow ចូលសិល្បៈដំបូងៗ ប្លែកសឹង ៣៦០ ដឺក្រេ
តារាសម្តែងស្រី Bow Maylada ដែលជាតួស្រីល្បីឈ្មោះមួយរូបប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ដោយសាងស្នាដៃតាមរយៈរឿងល្បីៗជាច្រើន និង បានឈ្នះពានរង្វាន់ជាច្រើនក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ។
បើយើងត្រលប់ទៅមើលប្រវត្តិចូលសិល្បៈដំបូងរបស់នាងវិញ Bow គឺបានស្រឡាញ់សិល្បៈតាំងពីតូចមកម្ល៉េះ ដោយនាងបានចូលប្រកួតចម្រៀងតាំងពីអាយុ ៨ ឆ្នាំ ក្រោយមកនាងក៏ត្រូវបានក្រុមហ៊ុនចម្រៀង Kamikaze ជ្រើសយកទៅហ្វឹកហាត់បង្រៀន និង ចាប់ផ្តើមបង្ហាញខ្លួនជាតារាចម្រៀងពេញរូបពេញរាង នៅក្នុងឆ្នាំ ២០១០ តាមរយៈក្រុម Kiss Me Five ដែលមានចូលរួមជាមួយសមាជិក ៤ រូបផ្សេងទៀត ក្នុងនោះក៏មានតារាសម្តែងស្រី Kitty Chicha ផងដែរ។
ក្រុមចម្រៀងរបស់នាងគឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅអំឡុងពេលពួកគេចេញច្រៀង ជាពិសេសតាមរយៈបទ «Morning Kiss» ដែលធ្លាប់ជាប់លើតារាងកំពូលបទចម្រៀងផងដែរ។ ក្រោយមកក្នុងឆ្នាំ ២០១៣ ក្រុមចម្រៀងរបស់នាងបានសម្រេចចិត្តរំសាយក្រុម ចែកផ្លូវរៀងខ្លួន ដែលធ្វើឱ្យនាងមានឱកាសចូលប្រកួត Thai Supermodel និង បានឈ្នះពានរង្វាន់។
បន្ទាប់មក Bow ក៏បានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ នៅឆ្នាំ ២០១៤ ដោយប្តូរពីអាជីពតារាចម្រៀង មកតារាសម្តែងតាមរយៈរឿងដំបូង «Yai Kanlaya»។ អាជីពសម្តែងរបស់នាងគឺទទួលបានជោគជ័យជាខ្លាំង បានធ្វើឱ្យនាងទទួលបានពានរង្វាន់ធំៗជាច្រើន ហើយក្លាយជាតារាល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃ។ Bow បានបញ្ចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៧ នៅដើមឆ្នាំ ២០២០ និង បានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ ៣ វិញ នៅខែមិថុនា ឆ្នាំ ២០២០ រហូតមកទល់ពេលបច្ចុប្បន្ននេះ៕