រៀបការរួច Kelly Chen រស់រងការឈឺចាប់អស់ ១០ ឆ្នាំ ក្រោមថ្វីមាត់រិះគន់របស់អ្នកគាំទ្រប្តី Jimmy Lin
តារាបង្ហាញម៉ូដចិនដីគោក Kelly Chen កាលពីថ្មីៗនេះ នាងបានចេញមុខទម្លាយរឿងដ៏លំបាកបំផុតក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាង ជាមួយនឹងតារាសម្តែង និង តារាចម្រៀងតៃវ៉ាន់ លោក Jimmy Lin ក្រោយពីបានរៀបការនឹងគ្នាប៉ុន្មានឆ្នាំដំបូង។
ដូចដែលធ្លាប់និយាយពីមុនម្ដងមកហើយ នៅក្នុងកម្មវិធី «My Dearest Ladies» ដែលតារាស្រីរូបនេះ បានមានវត្តមានចូលរួមជាភ្ញៀវកិត្តិយសជាមួយនឹងម្ដាយក្មេករបស់នាង ពេលនោះ នាងនិយាយទាំងទប់ទឹកភ្នែកមិនជាប់ លើកឡើងពីឋានៈក្នុងនាមជា «ភរិយា Jimmy Lin» ដោយនិយាយថា នាងត្រូវបានអ្នកលេងអ៊ីនធឺណេតវាយប្រហារជាច្រើនដង ក្នុងរយៈពេល ១០ ឆ្នាំមកនេះ។
តាមការដកស្រង់សម្ដីរបស់ Kelly ចេញពីបទសម្ភាសនោះថា ៖ «មានមនុស្សថាខ្ញុំអាក្រក់ គេសួរខ្ញុំថា ហេតុអ្វីបានជាអ្នកគិតថាអ្នកអាចរៀបការជាមួយគាត់? តើអ្នកថែមទាំងមានទេពកោសល្យទេ? ការប្រមាថទាំងនេះ មានអារម្មណ៍ថាដូចជាព្រួញ ១ ពាន់បាញ់មកលើខ្ញុំយ៉ាងអ៊ីចឹង»។
ក្នុងនោះ នាងក៏បាននិយាយថា បើទោះជារយៈពេលដ៏លំដាប់បំផុតនៃជីវិតរបស់នាងបានកន្លងផុតទៅ ប៉ុន្តែនាងនៅតែខ្លាចរងការវាយប្រហារម្តងទៀត បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី។ នាងបានបន្ថែមថា Jimmy ក៏បានលើកទឹកចិត្តនាងកុំឱ្យអានខមមិនដើម្បីកុំឱ្យនាងឈឺចាប់ទៀត។
គួររំឭកផងដែរ Kelly បានភ្ជាប់ចំណងស្នេហ៍ជាមួយ Jimmy ក្នុងឆ្នាំ ២០០៩ ហើយបានសម្រាលបានកូនប្រុសដំបូង Kimi ក្នុងឆ្នាំដដែល។ ប្តីប្រពន្ធនេះ បានស្វាគមន៍កូនប្រុសភ្លោះរបស់ពួកគេ Jenson និង Kyson ក្នុងឆ្នាំ ២០១៥៕