ទម្លាយប្រវត្តិការបង្កើតដង Lightstick អ្នកគាំទ្រស្ទើរខ្វះមិនបាន នៅក្នុងជីវិតហ្វេន K-POP
ដង Lightstick គឺជាដងពណ៌បញ្ចេញពន្លឺមួយប្រភេទ ដែលជាវត្ថុសំខាន់មួយនៅក្នុងវិស័យ K-POP វាមានការរចនាច្នៃឡើងប្លែកៗទៅតាមក្រុមចម្រៀងនីមួយៗ ក្នុងន័យជាអត្តសញ្ញាណបញ្ជាក់ពីក្រុមចម្រៀងនោះ និង អ្នកគាំទ្ររបស់ពួកគេ ហើយជាពិសេសនោះ គេតែងតែឃើញមហាជនអ្នកគាំទ្រមានជាប់នឹងដៃមិនដែលអត់ឡើយ ខណៈទៅចូលរួមខនសឺតប្រគំតន្ត្រីរបស់ក្រុមចម្រៀងសំណព្វខ្លួន។
ដោយឡែក កាលពីជំនាន់ក្រុមចាស់ៗនៅក្នុងវិស័យ KPOP អ្នកគាំទ្រតែងតែប្រើប្រាស់វត្ថុផ្សេងៗ ដូចជា ប៉េងប៉ោង ភ្លើងទូរស័ព្ទ ឬក៏ភ្លើងពណ៌ផ្សេងៗ ដើម្បីបង្កើនបរិយាកាសក្នុងការប្រគំតន្ត្រីរបស់ក្រុមចម្រៀងសំណព្វចិត្តឱ្យកាន់តែមានភាពរីករាយ គេនៅមិនទាន់មានដង Lightstick នៅឡើយទេ។ យ៉ាងណាមិញ ចំពោះដង Lightstick ផ្លូវការរបស់ក្រុមនីមួយៗដែលយើងឃើញសព្វថ្ងៃនេះ តាមពិតទៅគឺជាគំនិតផ្តួចផ្តើមដំបូងរបស់កំពូលក្រុមចម្រៀងបុរស BIG BANG ។
BIG BANG បានមានគំនិតដូច្នេះនេះ ព្រោះតែគេចង់បង្កើតភាពប្លែកចម្លែកអារម្មណ៍ និង អត្តសញ្ញាណផ្ទាល់សម្រាប់ក្រុម ក៏ដូចជាអ្នកគាំទ្រ ទើបសម្រេចបង្កើតដង Lightstick របស់ខ្លួនជាផ្លូវការឡើង ដោយមានពណ៌ និង ស្ទីលរចនា ព្រមទាំងមានដាក់ឈ្មោះ តាមបែបក្រុមរបស់ខ្លួនទៀតផង អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺតារាប្រុស G-Dragon ជាអ្នករចនាតែម្តង។ ជាលទ្ធផល Bang Bong របស់ BIG BANG គឺជាដង Lightstick ផ្លូវការដំបូងបង្អស់នៅក្នុងវិស័យ KPOP នេះឯង។
ក្រោយមកទៀត បន្ទាប់ពីក្រុមហ៊ុនផលិតកម្មផ្សេងៗបានឃើញដូច្នេះ ពួកគេក៏ចាប់ផ្តើមបង្កើតឱ្យមានដង Lightstick ប្រចាំក្រុមនីមួយរបស់ខ្លួន ហើយបានដាក់លក់នៅលើទីផ្សារ ឱ្យអ្នកគាំទ្រកាន់តែមានភាពងាយស្រួលក្នុងទិញតែម្តង។ យ៉ាងណាមិញ មកទល់ពេលនេះ ដង Lightstick នេះ រឹតតែវិវត្តទៅកាន់តែប្លែកជាងមុនទៅទៀត តាមក្រុមចម្រៀងដែលទើបបង្កើតនីមួយៗ ហើយវាក៏បានក្លាយជាចំណូលមួយទៀតសម្រាប់ក្រុមហ៊ុនផលិតកម្មផងដែរ៕