ត្រៀមកាមេរ៉ាទៅ! នៅកំពង់ចាម មានកន្លែងបង្កើតថ្មី អាចថតរូបកម្សាន្តបែបជនបទ ជាមួយប្លង់ថ្មីស្អាតៗប្លែកកប់
ស្ថិតនៅចម្ងាយប្រមាណជាង ១០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រគួរឱ្យទាក់ទាញ ដែលមានដូចជាភ្នំស្រីភ្នំប្រុស និង នគរបាជ័យ ជាដើម។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ គេសង្កេតឃើញទឹកដីភ្នំស្រីភ្នំប្រុសមួយនេះ បានបង្កើតឡើងនូវរមណីយដ្ឋានបែបកែច្នៃថ្មីៗជាច្រើនផងដែរ ដើម្បីជួយលើកស្ទួយវិស័យទេសចរក្នុងស្រុក ដែលមានដូចជា តំបន់ស្មៅទន្លេ និង ចម្ការផ្កានៅក្បាលទឹក ជាដើម។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្ត ទៅកាន់ទីតាំងលម្ហែកម្សាន្តថ្មីមួយកន្លែង ជាប្រភេទបែបអាហារដ្ឋាន នៅក្នុងខេត្តមួយនេះ ដែលទីនោះ ទើបតែបង្កើតថ្មី ប្រកបទៅដោយលក្ខណៈច្នៃប្រឌិត ជាទីគួរសាកល្បងសម្រាប់អ្នកដំណើរ ដែលចង់កម្សាន្តនៅទីតាំងថ្មីៗក្នុងស្រុក។
ស្ថិតនៅ ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម អាហារដ្ឋាន «ខន្តី» ជាប្អូនទី ១ របស់អាហារដ្ឋានស្មៅទន្លេ ដែលបានបង្កើតឡើងជាមួយប្លង់ថតដ៏សម្បូរបែប អាចនិយាយបានថាជាសួនថតរូបកម្សាន្ត ដែលមានបរិយាកាសបែបជនបទ និង ប្លង់ប្លែកៗជាច្រើន ស័ក្តិសមបំផុតសម្រាប់ប្រិយមិត្ត ដែលស្រឡាញ់ និង ចូលចិត្តការថតរូប។
គួរឱ្យដឹងផងដែរ ទីកន្លែងកម្សាន្តថ្មីថ្មោងមួយនេះ ចាប់ផ្តើមចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយបើកសាកល្បង ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច។ ដើម្បីទៅដល់ទីនោះ ប្រិយមិត្តត្រូវជិះចូលតាមផ្លូវកៅស៊ូ ទល់មុខរោងចក្រវាយនភណ្ឌខេត្តកំពង់ចាម ចំងាយប្រហែល ០១ គីឡូម៉ែត្រ បត់ចូលតាមច្រកចូល «បុរីសិរីមង្គល» ឬ ចូលតាម «បុរីវីឡាត្រាស់មី»៕
រូបភាពដោយ ៖ Peng Chhun