ថែរក្សាសុខភាពធ្មេញ អាចជួយកុមារជៀសផុតពីបញ្ហាធាត់លើសទម្ងន់
ប្រសិនបើឪពុកម្តាយមានបំណងទប់ស្កាត់កូនតូចៗដែលចូលចិត្តអាហារមានជាតិស្ករ សូកូឡា និង ភេសជ្ជៈផ្សេងៗ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគេនោះ អ្នកម្តាយគួរយកចិត្តទុកដាក់ថែរក្សាសុខភាពមាត់ធ្មេញរបស់ពួកគេហើយ នេះបើយោងតាមការស្រាវជ្រាវមួយបានឱ្យដឹង ។
និស្សិតថ្នាក់បណ្ឌិតមួយរូបឈ្មោះ Louise Arvidsson មកពីមហាវិទ្យាល័យ University of Gothenburg ក្នុងប្រទេសស៊ុយអែតបាននិយាយថា បញ្ហាលើសទម្ងន់របស់កុមារ គឺជាប្រធានបទរសើបមួយ ហើយវាក៏មានជាប់ទាក់ទងខ្លាំងទៅនឹងសុខភាពធ្មេញផងដែរ ប្រសិនបើគេសិក្សាឱ្យបានស៊ីជម្រៅនោះ ។ បញ្ហាចម្បងគឺថា អាហារដែលល្អពិតណាស់វាមិនជះឥទ្ធិពលអ្វីប៉ះពាល់ខ្លាំងទៅលើសុខភាពមាត់ធ្មេញនោះទេ ។
អ្នកស្រាវជ្រាវបានពិនិត្យលើអាកប្បកិរិយានៃការញ៉ាំអាហារ បរិមាណជាតិខ្លាញ់ និង សុខភាពធ្មេញ ក្នុងចំណោមកុមារតូចៗចំនួន ២៧១ នាក់ ។ គេបានសិក្សាតាមដានយ៉ាងដិតដល់ទៅលើកត្តាផ្សេងមួយចំនួនដូចជា កម្ពស់ ទម្ងន់ និង ឥរិយាបថនៃការញ៉ាំអាហាររបស់កុមារ រួចពិនិត្យរកមើលកម្រិតនៃអតិសុខុមប្រាណនៅក្នុងទឹកមាត់ ។ ជាលទ្ធផល គេបានរកឃើញថា កុមារដែលមានកម្រិតបាក់តេរីខ្ពស់ ច្រើនជាកុមារដែលមានទម្ងន់ខ្លួនច្រើន ។
អ្នកសិក្សាបានស្នើដល់ឪពុកម្តាយ គួរឱ្យកុមារទទួលទានផ្លែឈើ និង បន្លែពីក្នុងបរិមាណ ៤០០ ទៅ ៥០០ ក្រាម ត្រីពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ និង គួរទទួលទានអាហារមានកម្រិតជាតិស្ករ និង ខ្លាញ់ឱ្យបានតិចតួចបំផុត ។
ដូច្នេះបើយោងតាមលទ្ធផលនៃការសិក្សានេះ ឪពុកម្តាយគួរព្យាយាមផ្លាស់ប្តូររបបអាហាររបស់កូនៗដោយសុំស្នើឱ្យពួកគេញ៉ាំក្នុងបរិមាណតិចតួចដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅដល់សុខភាពនៅថ្ងៃក្រោយ ៕
ប្រភព៖ Zeenews.com