កូនប្រុសមានដុងសិល្បៈតាំងពីតូច តែ ពាក់មី បែរជាមានបំណងចង់ឱ្យកូនប្រុសចូលអាជីពនេះវិញ
លោកអ្នកប្រាកដជាធ្លាប់បានដឹងរួចហើយពីសមត្ថភាព និង ទេពកោសល្យកូនប្រុសស្រីរបស់តារាកំប្លែង ពាក់មី ក្នុងការសម្តែង ក៏ដូចជាលេងកំប្លែង ដែលមានដុងកាត់ទៅរកឪពុកមិនសូវខុសនោះទេ រហូតទទួលបានការកោតសរសើរខ្លាំងពីមហាជន។
ម្យ៉ាងវិញទៀត កូនស្រីច្បង និង កូនប្រុសទី ២ របស់លោក ក៏បានបង្ហាញវត្តមានជាញឹកដងមកហើយនៅលើឆាក ព្រមទាំងសម្តែងក្នុងខ្សែភាពយន្តជាច្រើន ដោយមានការសរសើរពីសំណាក់អ្នកទស្សនា សិល្បករ ជាពិសេសអ្នកដឹកនាំខ្សែភាពយន្តទៀតផង។
យ៉ាងណាមិញ ក្រឡេកទៅមើលកូនប្រុសទី ២ របស់តារាកំប្លែង ពាក់មី អាយុ ៩ ឆ្នាំ ដែលមានឈ្មោះថា «តួ» នោះ ក៏មិនខុសពីលោកប៉ុន្មាននោះឡើយ ដោយ «តួ» មិនត្រឹមតែឆ្លាតនោះទេ តែមានសមត្ថភាពមិនខុសពីឪពុកឡើយ ដោយកន្លងមកកូនប្រុសទី ២ របស់នាយ ពាក់មី ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តជាច្រើន និង ដើរជាតួអង្គសំខាន់ដោយមានទាំងកំប្លែងផង កម្សត់ទៀតផង។
ដោយឡែក បើទោះជាកូនប្រុសទី ២ មានដុងសិល្បៈ និង អាចមានឱកាសក្តាប់ដំណែងជាតួអង្គសំខាន់ក៏ដោយក្តី តែនាយ ពាក់មី នៅតែមានក្តីប្រាថ្នាចង់ឱ្យកូនប្រុសក្លាយទៅជាកីឡាករបាល់ទាត់ ចូលរួមក្រុមជម្រើសជាតិនៅថ្ងៃអនាគត ដោយលោកបាននិយាយថា ៖ «សង្ឃឹមថាកូន តួ ទៅថ្ងៃមុខបានជាប់ជម្រើសជាតិបាល់ទាត់ ស៊ូស៊ូកូន»។
មិនត្រឹមតែមានក្តីប្រាថ្នាឱ្យកូនក្លាយទៅជាកីឡាករជម្រើសជាតិនោះទេ ដោយសមត្ថភាពលេងបាល់របស់ តួ តាំងពីអាយុ ៩ ឆ្នាំ ផង គេឃើញថានាយ ពាក់មី ហាក់ជួយជ្រោមជ្រែងកូនប្រុសខ្លាំង សូម្បីតែពេលទៅប្រកួត ឬ ហ្វឹកហាត់បាល់ទាត់ម្តងៗ ក៏នាយ ពាក់មី ទៅតាមកូនមិនដែលខាននោះឡើយ៕