(វីដេអូ) អំណាចណាស់! មានទាំងព្រមឈុតតំណាងជាតិ Miss Grand កម្ពុជា ស្អាតបញ្ជាក់អត្តសញ្ញាណខ្មែរគ្រប់ជ្រុង
ពិតណាស់កាលពីកន្លងទៅមហាជនអ្នកគាំទ្រវិស័យកញ្ញាឯកបានជ្រាបហើយជុំវិញរឿងរ៉ាវនៃការផ្លាស់ប្ដូរឈុតតំណាងជាតិ Miss Grand Cambodia 2021 សម្រាប់យកទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2021 នោះ ដែលធ្វើឱ្យកម្មវិធីខកខានធ្វើការបង្ហាញឈុតជាផ្លូវការរហូតមកដល់ពេលនេះ ព្រោះនៅបន្តធ្វើការសម្រិតសម្រាំងកែច្នៃឈុតរួមបញ្ចូលគ្នាបន្ថែមទៀត។
យ៉ាងណាមិញ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ស្ថាប័ន Miss Grand Cambodia បានបង្ហាញគំនូរឈុតតំណាងជាតិដែលនឹងត្រូវគ្រងដោយ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា សម្រាប់ប្រកួតលើឆាកអន្តជាតិនៅឯប្រទេសថៃឆាប់ៗនេះហើយ ដោយគ្រាន់តែរូបគំនូរសោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង។
ជាក់ស្តែង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាពិសេសការបង្ហាញឈុតតំណាងជាតិក្នុងកម្មវិធី Miss Grand International 2021 កាន់តែកៀកមកដល់ ស្ថាប័ន Miss Grand Cambodia ក៏បានបង្ហាញឈុតតំណាងជាតិ ដោយគ្រងដោយ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា ហើយដែរ ដោយឈុតតំណាងជាតិមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» គឺកាន់តែមានភាពលេចធ្លោ និង ប្រណីតខ្លាំងឡើងក្រោយគ្រងលើបវរកញ្ញាតំណាងកម្ពុជារបស់យើង។
គួរឱ្យដឹងថា ឈុតតំណាងជាតិ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» ជាឈុតបានច្នៃយ៉ាងប្រណីតបំផុត ដែលបានយក ព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ ដែលជាប្រាសាទអង្គវត្តខ្មែរ និង ឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមចូលគ្នាបង្កើតជាក្បូរក្បាច់រចនាយ៉ាងអស្ចារ្យសម្រាប់តំណាងឱ្យជាតិខ្មែរទាំងមូល៕