Janie នៅក្តៅចិត្តរឿងគេដៀលកូនស្រី រហូតទម្លាយអារម្មណ៍នេះឡើង ខណៈក្តីក្តាំកំពុងដំណើរការ
ចាប់តាំងពីរៀបការ និង ទទួលបានកូនស្រីម្នាក់មក តារាស្រី Janie Tienphosuwan តែងមានរឿងមិនចេះចប់មិនចេះហើយ ពោលគឺនាងតែងត្រូវបានមហាជនអ្នកគាំទ្ររិះគន់វាយតម្លៃលើកូនស្រីរបស់ខ្លួនថាមានមុខមាត់មិនស្អាតបែបនេះបែបនោះពុំសូវដាច់ឡើយ។
ក្នុងនាមជាឪពុកម្តាយដែលស្រឡាញ់កូន តារាស្រី Janie និង ស្វាមី បានចេញមុខក្នុងការដាក់ពាក្យបណ្ដឹងចំពោះអ្នកដែលបាន Bully ចំពោះក្រុមគ្រួសារនាង។ បច្ចុប្បន្នរឿងក្ដីនៅតែបន្តហាក់ពុំទាន់បានចប់សព្វគ្រប់ឡើយទេ។
ជាក់ស្ដែងកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រី Janie បានចេញមុខមកបង្ហើបខ្លះជុំវិញរឿងក្ដីដែលនាងកំពុងតែដោះស្រាយនៅពេលនេះ ដោយតារាស្រីរូបនេះបានលើកឡើងថា ៖ «កន្លងមកខ្ញុំក៏ធ្លាប់មានរឿងបែបនេះមករហូតហ្នឹង! ហើយវាក៏រឿងធម្មតាទៅក្នុងនាងយើងជាមនុស្សរបស់មហាជន តែអ្វីដែលខ្ញុំមិននឹកស្មានថាអាចនឹងកើតឡើងនោះ គឺរឿងរ៉ាវជាមួយកូនខ្ញុំ កូនស្រីខ្ញុំទើបតែកើតមកមិនទាន់បានប៉ុន្មានឆ្នាំផង ត្រង់នេះគឺខ្ញុំយល់ថាវាហាក់ជាជ្រុលពេកហើយ ខ្ញុំជាម្ដាយគេ ដូចនេះខ្ញុំត្រូវបំពេញតួនាទីជាម្តាយនោះគឺការពារកូនរបស់ខ្ញុំ»។
លើសពីនេះតារាស្រីរូបនេះក៏បានបន្ថែមទៀតផងដែរថា សម្រាប់រឿងនេះនៅពុំទាន់ចប់នោះទេគឺទុកឱ្យខាងច្បាប់ជាអ្នកដោះស្រាយ ហើយនាងក៏ពុំព្រមនៅស្ងៀមតទៀតដែរប្រសិនបើនៅតែមានអ្នក Bully ប៉ះពាល់ក្រុមគ្រួសារនាងទៀតនោះ៕