កំពូលតារាស្រីចាស់វស្សា ៨ រូប ត្រូវប៉ាន់បំផុត ដើរតួម្តាយ តួយាយ ក្នុងរឿងភាគកូរ៉េ
បើនិយាយទៅដល់តារាសម្តែងស្រីជើងចាស់របស់កូរ៉េខាងត្បូង ប្រិយមិត្តមហាជនអ្នកគាំទ្រមួយចំនួនប្រាកដជាបានស្គាល់ និង ចំណាំមុខខ្លះៗទៅហើយ តាមរយៈការនិយមជក់ចិត្តទស្សនារឿងភាគល្បីៗ ដែលពួកគាត់និយមសម្តែងជាតួអង្គម្តាយ ឬ យាយ ជាដើមនោះ ហើយបើទោះបីជាមានវ័យកាន់តែជ្រេទៅមុខយ៉ាងណាក្តី តែពួកគាត់នៅតែមានហាងឆេងកាក់កបដដែល ព្រោះសមត្ថភាពសម្តែង និង កម្លាំងកាយរបស់ពួកគាត់។ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារាសម្តែងស្រីជើងចាស់ទាំង ៨ ដួង ដែលមិនងាយបាត់មុខក្នុងរឿងភាគកូរ៉េទាំងអស់គ្នា ៖
១. Kim Mi Kyung
តារាស្រីរូបនេះ សព្វថ្ងៃមានអាយុជាង ៥៨ ឆ្នាំទៅហើយ។ លោកស្រីមានបទពិសោធក្នុងវិស័យសិល្បៈរហូតជាង ៣៦ ឆ្នាំឯណោះ ដោយបានមមាញឹកយ៉ាងខ្លាំងក្នុងការដើរសម្តែងជាតួអង្គអ្នកម្តាយមិនដាច់នោះទេ។ ថ្មីៗនេះលោកស្រីបានលេចមុខនៅក្នុងរឿងល្បីប្រចាំឆ្នាំ ២០២០ «Its okay to be not okay» ក្រៅពីនោះនៅក្នុង ឆ្នាំ ២០២១ នេះ លោកស្រីក៏បានមានវត្តមាននៅក្នុងរឿងភាគជាបន្តបន្ទាប់ផងដែរ ហើយក៏ត្រៀមខ្លួនសម្តែងរឿងថ្មីៗក្នុងឆ្នាំ ២០២២ ថែមទៀតផង។
២. Kim Young Ok
លោកយាយកំពូលតារាសម្តែងជើងចាស់ សព្វថ្ងៃនេះមានអាយុជាង ៨៤ ឆ្នាំទៅហើយ ប៉ុន្តែប្រជាប្រិយភាពការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនរបស់លោកយាយ ហាក់កាន់តែកើនឡើងជាលំដាប់ ព្រោះតែការនៅតស៊ូបម្រើនៅក្នុងសិល្បៈនោះ។ បើនិយាយត្រួសៗ លោកយាយបានចូលប្រឡូកសិល្បៈជាង ៦០ ឆ្នាំមកហើយ ពោលគឺតាំងពីនៅអាយុ ១៩ ឆ្នាំមកម៉្លេះ។ សព្វថ្ងៃនេះ គេនៅតែប្រទះលោកយាយរូបនេះ នៅក្នុងរឿងភាគល្បីៗក្នុងតួអង្គជាលោកយាយចាស់ជរាមិនសូវខានឡើយ ជាពិសេសថ្មីនេះៗ គឺរឿង «Squid Game, Home town Cha Cha Cha» ជាដើម។
៣. Kim Hae Sook
តារាស្រី Kim Hae Sook បច្ចុប្បន្នមានអាយុជាង ៦៥ ឆ្នាំ ហើយមានបទពិសោធក្នុងវិថីសិល្បៈជាង ៤៧ ឆ្នាំឯណោះ។ លោកស្រីបានឈ្នះពានរង្វាន់មិនតិចជាង ១០ ពាននោះទេ។ នៅក្នុងឆ្នាំ ២០២០ និង ២០២១ នេះ លោកស្រីបានលេចមុខនៅក្នុងរឿងភាគចំនួន ៥ រឿងឯណោះ ដោយភាគច្រើនបានដើរតួជាតួអង្គម្តាយ និង តួអង្គលោកយាយនោះឯង។ ក្រៅពីការមមាញឹកក្នុងការងារសិល្បៈហើយ លោកស្រីក៏បានឆ្លៀតសរសេរ និង បោះពុម្ពសៀវភៅដោយខ្លួនឯងបានចំនួន ១ ក្បាលថែមទៀតផង ដែលមានចំណងជើងថា «Mother of Hallyu» ។
៤. Youn Yuh Jung
តារាស្រី Youn Yuh Jung មានអាយុ ៧៤ ឆ្នាំហើយនៅក្នុងឆ្នាំនេះ តែលោកយាយបានប្រឡូកក្នុងការសម្តែងអស់ជាង ៥០ ហើយ ដែលយើងបានឃើញវត្តមានរបស់លោកយាយនៅក្នុងរឿងភាគ និង ភាពយន្តរបស់កូរ៉េនោះ។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០២០ កន្លងទៅ លោកយាយកាន់តែទទួលបានការទទួលស្គាល់គាំទ្រពីសំណាក់អន្តរជាតិថែមទៀត តាមរយៈភាពយន្តរបស់កូរ៉េរឿង «Minari» ដោយលោកយាយថែមទាំងបានឈ្នះពានរង្វាន់អន្តរជាតិធំៗជាច្រើន ជាពិសេសមានដូចជា Oscars ថែមទៀតផង។ នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ លោកយាយក៏បានត្រៀមខ្លួនដើរជាតួឯកនៅក្នុងរឿង «Tree dies On their feet» ផងដែរ។
៥. Bae Jong Ok
តារាស្រីរូបនេះ សព្វថ្ងៃមានអាយុ ៥៧ ឆ្នាំទៅហើយ ហើយលោកស្រីបានបង្ហាញខ្លួនក្នុងការសម្តែងតាំងពី ១៩៨៨ មកម្ល៉េះ ពោលគឺជាង ៣៣ ឆ្នាំឯណោះបើគិតត្រួសៗ។ ក្រៅពីមមាញឹកនៅក្នុងការងារសិល្បៈហើយ លោកស្រីថែមទាំងបានឆ្លៀតសិក្សាបញ្ចប់ថ្នាក់បណ្ឌិតមកពីសាកលវិទ្យាកំពូលរបស់កូរ៉េ ហើយលោកស្រីក៏បានឆ្លៀតធ្វើជាសាស្រ្តាចារ្យបង្រៀនផ្នែកភាពយន្តនៅសាកលវិទ្យាល័យថែមទៀតផង។ នៅក្នុងឆ្នាំ ២០២០ និង ២០២១ នេះ លោកស្រីក៏បានលេចមុខនៅក្នុងរឿងភាគ «Mr. Queen» និង «Secret Royal inspector & Joy» ផងដែរ។
៦. Kim Ja Ok
ពិតជាគួរឱ្យសោកស្តាយណាស់ តារាស្រីរូបនេះបានបាត់បង់ជីវិតនាឆ្នាំ ២០១៤ ក្នុងអាយុ ៦៣ ឆ្នាំ ដោយសារតែជំងឺមហារីសួតបាត់ទៅហើយ តែបើនិយាយពីប្រវត្តិត្រួសរបស់លោកស្រីវិញនោះ គឺលោកស្រីបានប្រឡូកសិល្បៈអស់ជាង ៤០ ឆ្នាំឯណោះ ដោយបានបន្សល់ការចងចាំ និងអនុស្សាវរីយ៍ឱ្យអ្នកគាំទ្រនៅក្នុងរឿងភាគល្បីៗមិនតិចនោះទេ។ លោកស្រីបានលេចមុខជាលើកចុងក្រោយបង្អស់ គឺនៅក្នុងរឿងភាគ «The Women Who married Three times» នាឆ្នាំ ២០១៣។
៧. Kim Min Kyung
តារាស្រីរូបនេះ ទើបតែបានបាត់បង់ជីវិតនៅក្នុង ខែសីហា ឆ្នាំ ២០២១ នេះ ដោយនៅក្នុងវ័យ ៦១ ឆ្នាំ ហើយមូលហេតុនៃការស្លាប់របស់លោកស្រីមិនបានគេឱ្យដឹងនោះទេ។ យ៉ាងណាមិញ តារាស្រីរូបនេះបានប្រឡូកក្នុងសិល្បៈអស់រយៈពេលជាង ៤០ ឆ្នាំទៅហើយ ដែលស្នាដៃចុងក្រោយរបស់លោកស្រីមុននឹងចែកឋាននេះគឺ «Mouse the good supper» ។
៨. Jeon Mi Seon
តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ បានបាត់បង់ជីវិត ដោយត្រូវបានគេប្រទះឃើញចង-ក សម្លាប់ខ្លួននៅក្នុងអូតែលមួយកន្លែងកាលពីឆ្នាំ ២០១៩ កន្លងទៅ។ តារាសម្តែងស្រីរូបនេះ បានឈានជើងចូលប្រឡូកសិល្បៈតាំងពីអាយុ ១៦ ឆ្នាំមកម្ល៉េះ ហើយស្នាដៃចុងក្រោយរបស់នាង គឺ «He is the psychometric»៕