ត្រៀមៗយប់នេះ ឈុតតំណាងជាតិ Miss Grand ខ្មែរ នឹងបង្ហាញខ្លួនផ្លូវការលើឆាក MGI ឯប្រទេសថៃហើយ
រយៈពេលប្រមាណ ១៤ ថ្ងៃមកហើយ ដែល Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ខេត្តភូកេត ប្រទេសថៃ ដើម្បីចូលរួមប្រកួតកម្មវិធី Miss Grand International 2021 ដោយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។
ទន្ទឹមនឹងការរង់ចាំវគ្គផ្តាច់ព្រ័ត្រស្វែងរកម្ចាស់មកុដ MGI 2021 នេះ កញ្ញា ប៉ូគឹមថេង សុតធីតា ក៏ទទួលបានលទ្ធផលល្អជាច្រើនក្នុងការប្រកួតវគ្គផ្សេងៗ ដូចជាការ Vote លើឈុតហែលទឹក និង ប្រជាប្រិយភាពថែមទៀតផង។
ដោយឡែក នៅល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ការបង្ហាញជាផ្លូវការនូវឈុតតំណាងជាតិរបស់បេក្ខភាព Miss Grand មកពីបណ្តាប្រទេសនានា នឹងត្រូវបានបង្ហាញនៅវេលាម៉ោង ៧ យប់នេះហើយ ដែលនឹងមានការផ្សាយតាមរយៈ Youtube ផ្លូវការរបស់ Miss Grand International គឺ Grand Tv។ ក្នុងនោះដែរ មហាជនអ្នកគាំទ្រកម្ពុជា ជាច្រើនក៏កំពុងអន្ទះសារង់ចាំមើលការបង្ហាញឈុតតំណាងជាតិដ៏អស្ចារ្យរបស់កម្ពុជា មានឈ្មោះ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នៅលើឆាកអន្តរជាតិ ពីសំណាក់កញ្ញា ប៉ូគឹមថេង សុតធីតា ផងដែរ។
លើសពីនោះ ក្រោយពីបញ្ចប់ការបង្ហាញជាផ្លូវការក្នុងការគ្រងឈុតតំណាងជាតិគ្រងដោយ កញ្ញា ប៉ូគឹមថេង សុតធីតា នៅយប់នេះហើយ អ្នកគាំទ្រក៏កំពុងតែរង់ចាំ Like និង Share នូវឈុតតំណាងជាតិរបស់កម្ពុជា ដើម្បីឈានក្លាយជាឈុតតំណាងជាតិល្អឯកថែមទៀត៕