ដាក់ម៉ោងរោទ៍ ត្រៀមគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការប្រកួត AFF Suzuki Cup ផ្សាយបន្តផ្ទាល់តែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស និង រស្មីហង្សមាស
ព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF Suzuki Cup នឹងចាប់ផ្តើមប្រកួតក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះហើយ ដោយក្រុមជម្រើសជាតិកម្ពុជា ក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដើម្បី ត្រៀមប្រកួតរួចជាស្រេចផងដែរ។
យោងតាមកាលវិភាគចុងក្រោយដែលចេញផ្សាយដោយអ្នករៀបចំការប្រកួត ការប្រកួតដំបូងរបស់ កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី 6 ធ្នូ 2021 ដែលការប្រកួតនេះមានផ្សាយបន្តផ្ទាល់ជាពិសេស តែមួយគត់តាមទូរទស្សន៍នៅកម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ។
តាមរយៈផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញឈ្មោះកីឡាករដែល តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះមានដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, សៀង ចន្ធា, មីន រតនៈ និង ច្រឹង ពលរដ្ឋ ជាដើម។
នៅក្នុងការប្រកួត AFF Suzuki Cup នេះ កម្ពុជាស្ថិតនៅក្នុងពូល B រួមជាមួយម្ចាស់ជើងឯកពីរសម័យកាល វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ ពូល A មានហ្វីលីពីន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និងជាមួយក្រុមឈ្នះក្នុងការប្រកួតវគ្គ Play-off ទីម័រខាងកើត ។
គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV បានទទួលសិទ្ធជាទូរទស្សន៍ក្នុងស្រុកតែមួយគត់សម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោកអ្នកអាចទស្សនាបានរាល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV និងរាល់គ្រប់ការប្រកួតរវាងបណ្តាប្រទេសផ្សេងៗទៀត ទាំងនៅលើកញ្ចក់ទូរទស្សន៍ ទាំងនៅលើផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានីយទូរទស្សន៍ឈានមុខគេមួយនេះដូចគ្នា។
កុំខកខាន! រង់ចាំទស្សនា និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងកាប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup នេះទាំងអស់គ្នា ៕