លើកដំបូងក្នុងប្រវត្តិសាស្ត្រ Miss Grand ទើបតែឆ្នាំនេះ ថៃគ្មានមុខក្នុងវគ្គ Top
បន្ទាប់ពីឆ្លងកាត់ការប្រកួតចម្រាញ់ប្រមាណកន្លះខែកន្លងទៅនេះ ទីបំផុត នៅក្នុងរាត្រីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ កម្មវិធី Miss Grand International បានបញ្ចប់យ៉ាងរលូន និង ស្វែងរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand International ២០២១ នេះហើយ គឺបានទៅលើ Miss Grand មកពីប្រទេសវៀតណាម។
សម្រាប់ជ័យលាភីរងទី ១ គឺបានទៅលើ Miss Grand មកពីប្រទេសអេក្វាឌ័រ ជ័យលាភីរងទី ២ បានទៅ Miss Grand ប្រេស៊ីល ជ័យលាភីរងទី ៣ Miss Grand មកពីប្រទេសពែតូរីកូ និង ជ័យលាភីរងទី ៤ បានទៅលើ Miss Grand អាហ្វ្រិកខាងត្បូង។
ដោយឡែកអ្វីដែលមហាជនជាច្រើនបានកត់សម្គាល់នៅក្នុងរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រ Miss Grand International ឆ្នាំនេះ គឺចំពោះ Miss Grand Thailand ដែលជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតដ៏អស្ចារ្យនេះ ដែលឃើញថាជាដំបូងក្នុងប្រវត្តិសាស្ដ្រនៃកម្មវិធី Miss Grand International ហើយ ដោយមិនបានឃើញ Miss Grand តំណាងប្រទេសថៃ ឈានជើងចូល Top នោះ។
ដោយកន្លងទៅប្រមាណជាង ៩ ឆ្នាំ មកនេះ ចាប់តាំងពីឆ្នាំ ២០១៣ ដែល Miss Grand Thailand ក្លាយជាម្ចាស់មកុដ Miss Grand International ២០១៣ នោះ គេឃើញថាឆ្នាំបន្តបន្ទាប់ទៀត Miss Grand តំណាងប្រទេសថៃ សុទ្ធតែបានឈានដល់ Top ក្នុងចំណោមបវរកញ្ញាតំណាងប្រទេសជាច្រើនផងដែរ៕