
(វីដេអូ) វ៉ាវ! ទម្លាយអត្ថន័យឈុតតំណាងជាតិខ្មែរ បំពាក់លើ ភុំ សោភ័ណ្ឌ ត្រៀមបង្អួតនៅឆាក Miss World
ជិតមួយសប្តាហ៍មកហើយ ដែលម្ចាស់ជ័យលាភីគ្រងមកុដ Miss World Cambodia ២០២០ កញ្ញា ភុំ សោភ័ណ្ឌ បានចាកចេញទៅកាន់ប្រទេសព័រតូរីកូ ដើម្បីចូលរួមប្រកួតនៅលើឆាកអន្តរជាតិ Miss Word លើកទី ៧០ ប្រចាំឆ្នាំ ២០២១ ។
ស្របពេលកំពុងដំណើរការប្រកួតរបស់បវរកញ្ញាតំណាងកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ នៅឯប្រទេសព័រតូរីកូនេះដែរ ស្ថាប័ន Miss World Cambodia ក៏បានបញ្ចេញឈុតតំណាងជាតិដែលនឹងត្រូវត្រៀមបង្ហាញលើឆាក Miss World នោះផងដែរ ដោយមានឈ្មោះថា «យក្សរាមសូរ» មានការច្នៃម៉ូដដោយលោក សួន តាមីង។
ក្រោយពីបើកបង្ហាញជាសាធារណៈនូឈុតតំណាងជាតិហើយ ស្រាប់តែនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ នេះ អ្នកច្នៃម៉ូដនៃឈុតតំណាងជាតិ ដែលបំពាក់លើកញ្ញា ភុំ សោភ័ណ្ឌ នឹងត្រៀមបង្ហាញលើឆាកប្រកួត Miss World ក៏បានចេញមកទម្លាយនូវអត្ថន័យដ៏ស៊ីជម្រៅដល់មហាជនតាមរយៈគណនីហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
អ្នកច្នៃម៉ូដឈុតតំណាងជាតិ លោក សួន តាមីង បានរៀបរាប់ថា ៖ «តោះមកអានអត្ថន័យ ឈុត «យក្សរាមសូរ» បន្តិចសិន! រៀបចំរចនាច្នៃ និង ដំឡើងដោយខ្ញុំបាទ លោក សួន តាមីង (ក្រុមរបាំខ្មែរ) គូររូបដោយ លោក ឡាយ សេងលី។ រាមសូរ តួអង្គមួយស្ថិតក្នុងកម្រងអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ឬ រឿងព្រេងនិទានខ្មែរ ដែលបង្ហាញនូវប្រភពដើមកំណើត ផ្លេកបន្ទោរ ផ្គរ និង រន្ទះ។ រឿងនិទាននេះ ត្រូវបានបុព្វបុរសខ្មែរចងក្រងច្នៃប្រឌិតទៅជាទម្រង់របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ ដែលមានការសម្តែងឡើងប្រកបដោយក្បាច់រស់រវើកសមសួនក្រៃលែង។ របាំព្រះរាជទ្រព្យ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី បេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឱ្យមនុស្សជាតិរបស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។ ឈុតនេះត្រូវបានលាយបញ្ចូលគ្នាក្រោមទម្រង់សិល្បៈ នៃរចនាបទអង្គរ និង រចនាបទនៃសម័យនានា ដោយការសំយោគសហសម័យច្នៃប្រឌិតយ៉ាងល្អឥតខ្ចោះ ក្នុងគោលបំណងលើកស្ទួយស្នាដៃអក្សរសិល្ប៍ និង របាំ ដែលជាកេរដំណែលដូនតាខ្មែរឱ្យស្ថិតនៅក្នុងក្រអៅបេះដូងនៃកូនខ្មែរជាដរាបរៀងរហូតតទៅ»៕
គួរឱ្យដឹងថា Miss World Cambodia ២០២០ ភុំ សោភ័ណ្ឌ គឺជាស្រ្តីទី ២ នៃបវរកញ្ញាពិភពលោកកម្ពុជា ដែលបានតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា វី ស្រីវីន ដែលជាអតីត Miss World Cambodia 2019 ធ្លាប់តំណាងឱ្យកម្ពុជា ទៅប្រកួតនៅឯចក្រភពអង់គ្លេស កាលពីឆ្នាំ ២០១៩ កន្លងទៅនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖