អស្ចារ្យមែន! អគារថ្មីរបស់ក្រសួងការពារជាតិ នៅក្នុងក្រុង មានកន្លែងអាចឱ្យឧទ្ធម្ភាគចក្រ ចុះចតលើដំបូលបាន
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុត អគារទីស្ដីការថ្មីរបស់ក្រសួងការពារជាតិ ដែលនឹងត្រូវសម្ពោធជាផ្លូវការឆាប់ៗនេះ បានរៀបចំ និង សាងសង់ដោយមានលក្ខណ:ពិសេសម្យ៉ាង ដែលអាចឱ្យឧទ្ធម្ភាគចក្រ ចុះចតនៅលើដំបូលបាន។
ទាក់ទិនទៅនឹងលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍ នៃអគារក្រសួងការពារជាតិថ្មីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់នៅលើបណ្ដាញសង្គមរបស់លោកថា ៖ «នៅរសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ ខ្ញុំពិតជាមានមោទនភាព និង សប្បាយរីករាយ រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងនាយទាហានជំនាញ បានចុះពិនិត្យ ការចុះចតយន្តហោះឧទ្ធម្ភាគចក្រប្រភេទ Z-9 លើដំបូលអគារទីស្តីការក្រសួងការពារជាតិថ្មី ប្រកបដោយជោគជ័យ និង សុវត្ថិភាព»។
គួរឱ្យដឹងផងដែរថា អគាររដ្ឋបាល និង សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ខណៈមកទល់ពេលនេះ អគារទីស្តីការក្រសួងការពារជាតិថ្មី បានសាងសង់រួចរាល់ គ្រោងសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នេះ៕