ផ្ទុះផ្អើលកម្មវិធី Miss World ពេលបវរកញ្ញាឥណ្ឌូនេស៊ីរកឃើញឆ្លងកូវីដ-១៩ មុនប្រកួតផ្តាច់ព្រ័ត្រ ២ ថ្ងៃ
ថ្មីៗនេះ តាមការចេញផ្សាយរបស់សារព័ត៌មាន Sindonews បានឱ្យដឹងថា នាង Pricilia Carla Yules បេក្ខភាពបវរកញ្ញាតំណាងប្រទេសឥណ្ឌូនេស៊ី ដែលត្រៀមខ្លួនប្រកួតក្នុងកម្មវិធី Miss World 2021 បានតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩។
អ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះគឺថា រូបនាងនឹងមិនអាចបង្ហាញសមត្ថភាព និង ចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រជាមួយបេក្ខភាព ៩៧ ប្រទេសផ្សេងទៀតនោះឡើយ ដោយការរកឃើញនេះគឺមុនការប្រកួតផ្តាច់ព្រ័ត្រ ២ ថ្ងៃ ដែលថ្ងៃប្រកួតផ្តាច់ព្រ័ត្រគឺធ្វើឡើងនៅរាត្រីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅប្រទេសពែតូរីកូ។
ក្នុងនោះដែរ បេក្ខភាពមកពីប្រទេសឥណ្ឌា នាង Manasa Varasasi ក៏កំពុងត្រូវបានតាមដានសុខភាពផងដែរ ដោយសារតែរូបនាងស្នាក់នៅបន្ទប់ជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា ដំណឹងដ៏គួរឱ្យសោកស្ដាយនេះ បានធ្វើឱ្យមហាជនជាច្រើនបង្ហាញក្ដីអាណិតចំពោះបេក្ខភាពប្រកួតទាំង ២ រូបនេះជាខ្លាំង ដោយសារតែពួកគេត្រូវមហាជនរំពឹងទុកថា ជាបេក្ខភាពដ៏ស័ក្ដិសមក្នុងការយកឈ្នះមកុដ Miss World ប្រចាំឆ្នាំ ២០២១ នេះបាន៕