វ៉ាវ! វណ្ណដា តារាចម្រៀងប្រុសខ្មែរដំបូង ឈរលើទំព័រមុខទស្សនាវដ្តីបរទេស LiFTED Asia
កាលពីកន្លងទៅ មហាជន ជាពិសេសគាំទ្ររបស់តារាចម្រៀងរ៉េប វណ្ណដា បានមានការភ្ញាក់ផ្អើល និង រំភើបចិត្តជំនួសលោកម្ដងរួចហើយ ដែលបទចម្រៀង «Time to Rise» របស់តារាចម្រៀងនេះ បកស្រាយរួមគ្នាជាមួយនឹងព្រឹទ្ធាចារ្យលោកតា គង់ ណៃ បានបំបែកឯតទគ្គតកម្មដំបូងរបស់ស្រុកខ្មែរ ដោយត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ «Best Videos of 2021» ដែលជ្រើសរើសដោយ LiFTED Asia ។
ដោយឡែកថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រមានភ្ញាក់ផ្អើលទៀត និង មានការសាទរខ្លាំង បន្ទាប់ពីបានឃើញតារាចម្រៀងប្រុសរូបនេះ បង្ហោះសារបង្ហាញពីការរំភើបចិត្ត និង មានកិត្តិយសខ្លាំង ក្រោយពីខ្លួនបានឈរលើទំព័រមុខរបស់ទស្សនាវដ្ដីបរទេសមួយគឺ LiFTED Asia ប្រចាំខែធ្នូនេះ ក្រោយពីបទ «Time To Rise» របស់ខ្លួន ត្រូវជ្រើសរើសជាវីដេអូដ៏ល្អដាច់គេប្រចាំឆ្នាំ ២០២១ នេះ។
ក្នុងនោះ លោក វណ្ណដា បានសរសេររៀបរាប់ថា ៖ «ថ្ងៃនេះ ខ្ញុំពិតជាមានកិត្ដិយសដែលបានក្លាយជាទំព័រមុខរបស់ទស្សានាវដ្ដី LiFTED Asia ប្រចាំខែធ្នូនេះ! នេះគឺពិតជាអស្ចារ្យសម្រាប់ខ្ញុំដែលអាចបញ្ចប់ឆ្នាំ ២០២១ នេះ ជាមួយសមិទ្ធផលថ្មីមួយទៀត ដែលជាការឈរនៅលើទំព័រមុខទស្សនាវដ្ដីអន្ដរជាតិដំបូងបំផុតរបស់ខ្ញុំ។ ខ្ញុំក៏បានឆ្លើយសំណួរដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាបានត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។ សូមអរគុណ LiFTED Asia សម្រាប់កិច្ចសម្ភាសមួយនេះ»។
ទន្ទឹមនឹងនោះដែរ គេក៏បានឃើញបណ្ដាញសង្គមផលិតកម្មបារមី ធ្វើការបង្ហោះអបអរសាទរដល់ តារាចម្រៀង វណ្ណដា ព្រមទាំងធ្វើការបញ្ជាក់ឱ្យដឹងថា លោកបានក្លាយជាសិល្បករដំបូងនៃប្រទេសកម្ពុជា ដែលបានឈរនៅលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ LiFTED Asia ប្រចាំខែធ្នូនេះផងដែរ៕