ក្ដៅៗ! ឥណ្ឌូនេស៊ីប្រកាសឃើញវីរុសកូវីដបំប្លែងថ្មី អូមីក្រុង ជាលើកដំបូងលើបុគ្គលិកពេទ្យម្នាក់
នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ខែធ្នូ ឆ្នាំ ២០២១ នេះ រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានឱ្យដឹងថា ៖ «ប្រទេសឥណ្ឌូនេស៊ី បានរកឃើញវិជ្ជមានកូវីដបំប្លែងថ្មី អូមីក្រុង ជាលើកដំបូង ចំពោះបុគ្គលិកពេទ្យ Wisma Atlet នៅក្នុងទីក្រុងហ្សាកាតា ដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេស»។
លោក Budi Gunadi Sadikin បានបន្តទៀត ៖ «រហូតមកដល់ពេលនេះ មិនមានការឆ្លងក្នុងសហគមន៍នៅឡើយទេចំពោះវីរុស Omicron នេះ ប៉ុន្តែមានករណីសង្ស័យមេរោគ Omicron ចំនួន ៥ ករណីបន្ថែមទៀត ក្នុងនោះរួមមាន ជនជាតិឥណ្ឌូនេស៊ីចំនួន ២ នាក់ ដែលទើបនឹងត្រឡប់មកពីសហរដ្ឋអាមេរិក និង ជនជាតិចិន ៣ នាក់ផ្សេងទៀត ដែលបច្ចុប្បន្នកំពុងចត្តាឡីស័កដាច់ដោយឡែកពីគេនៅទីក្រុង Manado ភាគខាងជើង Sulawesi»៕
ប្រភព៖ CNA