សាលារៀនគួរឱ្យខ្លាចទាំង ៧ កន្លែង ល្បីលងសាហាវបំផុត នៅប្រទេសសិង្ហបុរី
សាកស្រមៃថាអ្នកកំពុងរៀនពេលថ្ងៃ ហើយលង់លក់មួយភ្លែតស្រាប់តែក្រោកវិញងងឹតឈឹងកំពុងស្ថិតក្នុងបន្ទប់រៀនកណ្តាលរាត្រីតែម្នាក់ឯងវិញ តើអ្នកមានអារម្មណ៍បែបណា? សុភាសិតមួយពោលថា គ្រប់សាលារៀនសុទ្ធតែមានជ្រុងនៃភាពងងឹត និង រឿងដំណាលដែលពិភពលោកនិយមហៅថា URBAN LEGEND។ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានហោះទៅកាន់ប្រទេសសិង្ហបុរី ទទួលរសជាតិនៃចំណីអារម្មណ៍រន្ធត់ជាមួយសាលារៀនគួរឱ្យខ្លាចទាំង ១០ ដែលល្បីលងសាហាវបំផុតនៅប្រទេសសិង្ហបុរី ធានាថាអ្នកនឹងព្រឺរោម សូមអញ្ជើញអានដូចតទៅ ៖
១. សាលាបឋមសិក្សាឡយ៉ាង (LOYANG PRIMARY SCHOOL)
ល្បីថាខ្មោចលងខ្លាំង ជាពិសេសរាល់រាត្រីដែលគ្រប់គ្នាចេញទៅផ្ទះអស់ សាលារៀនបិទភ្លើងងងឹតស្ងាត់សូន្យ នៅជាន់ទី ៤ បន្ទប់ទឹកស្រី តែងមានអភូតហេតុភ្លើងមួយបើកដោយខ្លួនឯង ទោះជាសន្តិសុខរាយការណ៍ថាបិទយ៉ាងណា ទីបញ្ចប់វានៅតែបើកដោយខ្លួនឯងរៀងរាល់កណ្តាលអាធ្រាត្រ ហើយពេលវាបើកគ្មានសន្តិសុខណាហ៊ានឡើងជាន់ទី ៤ បិទភ្លើងវិញណាស់។
២. វិទ្យាល័យកាតូលិក (CATHOLIC HIGH SCHOOL)
យុវជនម្នាក់ទៅរៀនថ្ងៃដំបូង អត់ពាក់កាតសិស្សទៅ ពេលទៅដល់ជួបបុរសចាស់មានពុកមាត់ស្រមូមក្នុងឈុតខ្មៅម្នាក់ បានចង្អុលមុខគេទារកាត បានឱ្យចូលសាលា និង បណ្តេញគេចេញបើគ្មានកាត។ ត្រឡប់ទៅផ្ទះវិញទាំងខឹងសម្បា មានអាណាព្យាបាលមកជាមួយ មកដល់ស្រាប់តែបាត់មុខបុរសចាស់នោះ ហើយក្មេងប្រុសនោះក៏ឃើញរូបថតបុរសនោះព្យួរនៅជណ្តើរឡើងសាលា តែរឿងគួរឱ្យខ្លាចនោះគឺ បុរសនោះជានាយកសាលាចាស់ស្លាប់តាំងសាលានេះសង់បានថ្មីៗមកម្ល៉េះ។
៣. សាលាឈុងឆឹង (CHUNG CHENG HIGH (សាខាធំ)
សាលានោះមានបន្ទប់មួយចាក់សោរចោលមានទ្វារលាបពណ៌ក្រហម ជាបន្ទប់ដែលល្បីមានខ្មោចលងរហូតដល់សាលាលែងប្រើបន្ទប់នោះ ដោយវាយដែកគោល ចាក់ច្រវ៉ាក់ចោល។ ដំណាលបាននិយាយថា មានសិស្សប្រុសម្នាក់លេងពួនសុខៗ ជាប់ក្នុងបន្ទប់នោះ ថ្ងៃនោះជាថ្ងៃសុក្រទី ១៣ ហើយគ្រប់គ្នារកក្មេងនោះគ្រប់កន្លែងអត់ដឹងថាគេជាប់សោក្នុងបន្ទប់នោះឡើយ ហើយគិតថាគេបានទៅផ្ទះ រហូតដល់នាំគ្នាទៅផ្ទះអស់ទុកគេចោលក្នុងនោះ។ ដល់ថ្ងៃសៅរ៍រំលងដល់អាទិត្យ និង ចន្ទ ពេលព្រឹកអ្នកបោសសម្អាតបើកទ្វារនោះ ស្រាប់តែឃើញក្មេងនោះដេកស្លាប់ដូចឡានកិន និង មានឈាម បាចសាចពេញជញ្ជាំងពិតាន និង ទ្វារបន្ទប់។ ឈាមនោះលាបពណ៌យ៉ាងណាក៏នៅតែដានពណ៌ឈាមមកវិញ រហូតដល់នាយកសាលាបង្ខំចិត្តលាបបន្ទប់ និង ទ្វារពណ៌ក្រហម (គួរឱ្យខ្លាច)។
៤. វិទ្យាស្ថាន វ៉ា ឆុង (HWA CHONG INSTITUTION)
នៅសម័យសង្គ្រាមលោក សាលានេះជាកន្លែងជប៉ុនយកអ្នកទោសមកសម្លាប់។ ក្រោយពីវាលកប់ខ្មោចសង់ទៅជាសាលា សិស្សានុសិស្សជាច្រើនសុទ្ធតែប្រទះហេតុការណ៍ស្រដៀងគ្នា គឺឃើញ មនុស្សឈុតខៀវ ឈរនៅមាត់ផ្លូវ ហើយបង្វិលក្បាលមកក្រោយ រួចសួរសិស្សដែលចេញក្រោយគេនៅសាលានោះថា ៖ «សុំសួរម៉ោងប៉ុន្មានហើយ?»។
៥. បឋមសិក្សា វូដឡេនស៍ (WOODLANDS PRIMARY SCHOOL)
ប្រពៃណីសាលានេះគឺ ពេលចេញគឺចេញជាហ្វូង ហាមអត់ឱ្យចេញក្រោយគេឡើយ។ ជាបឋមសិក្សាដែលគួរឱ្យខ្លាច។ មានអ្នកគ្រូជាច្រើនមាននិយាយថា មានក្មេងស្រីម្នាក់ស្រែកយំនៅកៀនជណ្តើរសាលា នាងយំដោយសំឡេងខ្លាំងៗ។ ក្មេងស្រីតូចយកដៃខ្ទប់មុខយំ ហើយមានអ្នកគ្រូខ្លះ បានទៅសួរនាំនាងថាមានតាម្នាក់ធ្វើបាបខ្ញុំ។ រួចនាងបើកដៃដែលខ្ទប់មុខ ចេញមុខសស្លេក និង ភ្នែកដ៏សដូចត្រីអាំង គ្មានប្រស្រីភ្នែក សើចហាហាហាហា។
៦. សាលាអេនទូ (NTU)
មានមហាព្រឹត្តិការណ៍សិស្សានុសិស្សស្លាប់ដោយឧប្បត្តិហេតុមួយកើតឡើងនៅសាលារៀននេះ ដោយគ្មានមូលហេតុ នៅគ្រឹស្តសករាជ ២០០៧ ប្រៀបបាននឹងកុន Final Destination ដែលពិបាកនឹងបរិយាយនឹងសភាពសពដែលស្លាប់ណាស់ ប្រជាប្រិយសូមណែនាំ ប្រិយមិត្តវាយ Google ហើយរកពាក្យថា NTU’S DEATH។
៧. សាលាអនុវិទ្យាល័យ ថាំផាញនេស (TAMPINES SECONDARY SCHOOL)
យុវតីម្នាក់ទៅបន្ទប់ទឹកតែឯង ហើយត្រូវកម្មករសំណង់ដែលធ្វើការដ្ឋានជិតនោះឡើងរំលោភរហូតដល់ដាច់ខ្យល់។ សាកសពនាងត្រូវបានរកឃើញ ហើយវិញ្ញាណនាងគឺល្បីលងនៅក្នុងបន្ទប់ទឹកសិស្សស្រី ជាពិសេសការអើតក និង យំក្នុងបង្គន់ ដែលមានតាំងពីសតវត្សរ៍ទី ១៩ បន្តរហូតដល់បច្ចុប្បន្ន៕