ប្រុងប្រយ័ត្ន! ជនខិលខូចប្រើល្បិចពង្វក់អ៊ំៗចាស់ៗ ផ្ញើលេខកូដឱ្យដើម្បីហេកហ្វេសប៊ុក ដើរខ្ចីលុយគេ
ថ្មីៗនេះ មានករណីជនខិលខូចបានបន្លំខ្លួនទាក់ទងទៅមនុស្សចាស់ ដែលមានប្រើប្រាស់គណនីហ្វេសប៊ុក ឱ្យផ្ញើលេខកូដពិសេសដល់ខ្លួន ដើម្បីធ្វើការហេកហ្វេសប៊ុក យកទៅប្រើក្នុងគោលបំណងដើរខ្ចីលុយគេ។
ទន្ទឹមនឹងរឿងនេះទៀតសោត តាមរយៈគណនីមួយដែលមានឈ្មោះ Dalin Kong ដែលជាអ្នកជួបរឿងនេះផ្ទាល់ បានបញ្ជាក់ឱ្យបានដឹងថា កាលពីល្ងាចមិញនេះ មានគណនីមួយបានឆាតទៅម្ដាយរបស់ខ្លួន សួរបញ្ជាក់លេខទូរស័ព្ទគាត់ ហើយប្រាប់ថាបានច្រឡំវេរលុយចូលមក។ លុះពេលសួរថា ច្រឡំវេរមកតាមណា? ហើយចំនួនប៉ុន្មាន? ជនខិលខូចក៏មិនឆ្លើយ ហើយបែរជាសុំឱ្យម្ដាយរបស់ខ្លួន ចូលប្រអប់សារ (Message) ថតស្គ្រីន (Screenshot) ផ្ញើឱ្យទៅវិញ។
ក្រោយជួបសកម្មភាពបែបនេះ ម្ចាស់គណនីខាងលើ បានបន្តទៀតថា ៖ «តាមពិត គឺជនខិលខូចនោះបានព្យាយាមឡក់ចូល (Log in) គណនីម៉ាក់ខ្ញុំ ហើយដោយសារគេមិនស្គាល់លេខសម្ងាត់គណនី ទើបបានគេប្រើមុខងារ «forget password»។ ព្រោះជាទូទៅ នៅពេលយើងភ្លេចលេខសម្ងាត់ យើងអាចជ្រើសយកមុខងារនេះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុក ផ្ញើលេខកូដបញ្ជាក់ថ្មី (Vertification Code) មកតាមប្រអប់សារ (Message) លេខទូរស័ព្ទដៃយើង»។
ស្ត្រីខាងលើបន្តទៀតថា ៖ «ពេលបើកចូលមើលទៅក៏ឃើញថាហ្វេសប៊ុកបានផ្ញើកូដបញ្ជាក់មកប្រអប់សារម៉ាក់ខ្ញុំមែន ហើយបើសិនជាយើងថតស្គ្រីននោះឱ្យគេ នោះគេនឹងអាចហេក (Hack) ចូលគណនីយើងបាន និង ផ្លាស់ប្ដូរលេខសម្ងាត់របស់យើង»។
បន្ទាប់មកស្ត្រីខាងលើ ក៏បានឆែកចូលមើលគណនីនោះ ទើបដឹងថា ត្រូវបានជនខិលខូចហេកចូល ហើយបន្លំឆាតទៅខ្ចីលុយមិត្តភក្តិ បងប្អូនគាត់ជាច្រើននាក់។ ហើយសំគាល់ឃើញថា អ្នកដែលជនខិលខូចឆាតទៅ ភាគច្រើនជាចាស់ៗ ដែលជាគោលដៅងាយស្រួលក្នុងការចាញ់បោកពួកគេ៕