នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដាច់ណាត់ជាសាធារណៈថា ៖ «សុំការយោគយល់ចំពោះអ្នកឆ្លងកូវីដបំប្លែងថ្មី «អូមីក្រុង» ត្រូវតែព្យាបាលនៅតាមមន្ទីរពេទ្យ ទោះជាអ្នកណា ឬ នៅទីណាក៏ដោយ ខណៈដែលយើងត្រូវមានការប្រុងប្រយ័ត្ន និង បន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មីអូមីក្រុងនេះ»។
សម្ដេចបានថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការនី អ៊ុក ស្រីមុំ ក្រោយដណ្ដើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុង សាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។
ក្នុងនោះ សម្ដេចបានបញ្ជាក់បន្ថែមថា មកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ «អូមីក្រុង» ចំនួន ៩៤ ករណីហើយ ប៉ុន្តែក្នុងចំណោមនោះ មានមួយចំនួនបានជាសះស្បើយ ខណៈអ្នកមិនទាន់ជាសះស្បើយ កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕