ម៉ៅ គឹមធីតា ដាក់មួយប្រយោគម៉ាំងនេះឱ្យ គូម៉ា ជាសង្សារ ខ្លីមែន តែបញ្ជាក់រឿងចាក់ដោតទាំងនេះ
ធ្មេចបើកៗ រយៈពេល ៥ ឆ្នាំហើយ ដែលតារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា បានចាប់ដៃគ្នាសាងស្នេហ៍ពីនាមមិត្តរួមអាជីពក្លាយទៅជាគូសង្សារនឹងគ្នា ដោយបើកចំហបង្ហាញដល់សាធារណជនមិនលាក់លៀម។
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រក៏បានដងហើយថា ម៉ៅ គឹមធីតា និង លោក គូម៉ា ក៏បានណែនាំគ្នាដល់ឪពុកម្តាយ និង ក្រុមគ្រួសាររៀងៗខ្លួនរួចមកហើយដែរ ហើយអ្នកទាំង ២ រមែងទៅណាមកណា មិនថាជិតឆ្ងាយនោះទេ តែងតែទៅជាមួយគ្នាជានិច្ច ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រលើកឡើងថា គូស្នេហ៍នេះមិនអាចខ្វះគ្នាមួយជំហាននោះឡើយ ។
កន្លងមកបើទោះចំណងស្នេហ៍រយៈពេល ៥ ឆ្នាំ របស់តារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា ពេលខ្លះហាក់មានការរកាំរកូស រហូតខាងស្រីធ្លាប់ធ្លោយមាត់បែកគ្នាក៏ពិតមែន ប៉ុន្តែតារាប្រុសស្រី ១ គូនេះ ក៏នៅតែចងចំណងស្នេហ៍នឹងគ្នា និង កាន់តែស្អិតល្មួតជាងមុនថែមទៀតរហូតមកដល់ឆ្នាំ ២០២២ មហាជនអ្នកគាំទ្រកាន់តែទន្ទឹងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំង ២ អាចនឹងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗ។
ជាក់ស្តែង បើទោះជាថ្ងៃឆ្លងឆ្នាំថ្មី ២០២១ ចូល ២០២២ កន្លងផុតទៅយ៉ាងណា តែតារាសម្តែងស្រី ម៉ៅ គឹមធីតា មិនភ្លេចអរគុណ លោក គូម៉ា នូវពេលវេលាចាប់ដៃគ្នារំលងទៅមួយឆ្នាំទៀតហើយក្នុងឆ្នាំ ២០២១ កន្លងទៅ ដោយមិត្តប្រុសបានបំពេញចំណងស្នេហ៍យ៉ាងមានសុភមង្គលក្នុងនាមជាសង្សារ ដោយរៀបរាប់ជាភាសាអង់គ្លេសថា ៖ «Thanks for making the end of my 2021 memorable. Lets gooo 2022!!!»៕