ស្ទើរមិនជឿថា កំពូលតារាហុងកុង Kenneth Ma មិនទាន់ចង់រៀបការ ដោយសាររឿងនេះ
តាំងពីប្រកាសទាក់ទងគ្នាជិត ២ ឆ្នាំមក គូស្នេហ៍តារាសម្ដែងហុងកុងក្នុងប៉ុស្តិ៍ TVB លោក Kenneth Ma និង Roxanne Tong ត្រូវបានគេតាមសួរមិនឈប់ពីគម្រោងរៀបការរបស់ពួកគេ ហើយគូស្នេហ៍មួយគូនេះ ក៏ធ្លាប់បានឆ្លើយតបរាល់សំណួរយ៉ាងអត់ធ្មត់ច្រើនលើកច្រើនសារមកហើយ ដោយនិយាយថា ពួកគេត្រូវមានលុយសន្សំឱ្យគ្រប់គ្រាន់ជាមុនសិន ហើយបើសិនជាមានដំណឹងរៀបការ ពួកគេនឹងប្រកាសប្រាប់មិនបាច់ឱ្យគេទាយនោះទេ។
ខណៈព្យាយាមបកស្រាយនឹងពាក្យចចាមអារ៉ាមរឿងរៀបការ តារាប្រុសស្រីទាំងពីរនេះ ក៏មានភាពមមាញឹកខ្លាំងនឹងកាលវិភាគថតសម្ដែងក្នុងរឿងថ្មីយ៉ាងសកម្មបន្តបន្ទាប់ មានទាំងឈុតឆាកបាញ់ប្រហារ ប្រណាំងប្រជែងលោតហក់ រហូតដល់លោក Kenneth សារភាពមិនលាក់ថាខ្លួនពិតជាមានការនឿយហត់ខ្លាំងណាស់។
យ៉ាងណាមិញ Kenneth ក៏បានទទួលស្គាល់ថា ឱកាសការងារអាចជួយដល់លោកបានច្រើន ក្នុងការសន្សំប្រាក់ទុកសម្រាប់ថ្ងៃអនាគត ៖ «មិនថាខ្ញុំរៀបការហើយទេ ខ្ញុំនៅតែត្រូវការសន្សំប្រាក់ ជាពិសេសការរស់នៅក្នុងហុងកុង ដែលកន្លែងស្នាក់នីមួយៗមានតម្លៃខ្ពស់។ ដូច្នេះខ្ញុំត្រូវតែមើលថែគ្រួសាររបស់ខ្ញុំ និង សន្សំការចាយវាយទុក គ្រាន់បានការធានារ៉ាប់រងខ្លះ ព្រោះយើងមិនដឹងមុនថា យើងនឹងធ្លាក់ខ្លួនឈឺនៅថ្ងៃណាមួយនោះទេ វាជាការពិតនេះជារឿងគួរឱ្យខ្លាចដែលមិនអាចចំណាយលើការថែទាំសុខភាពបានឡើយ»។
ជាមួយគ្នានោះ រាល់ពាក្យចចាមអារ៉ាមពីមុន ដែលថាតារាប្រុសរូបនេះ ចង់ទិញចិញ្ចៀនភ្ជាប់ពាក្យថ្លៃៗឱ្យគូស្នេហ៍របស់លោក ត្រូវបានលោកបដិសេធផ្ទាល់យ៉ាងចាស់ដៃ ទៅលើការចុះផ្សាយចោទសួររឿងទាំងនេះមកកាន់លោក៕