ការពារទាំងអស់គ្នា! អ្នកឆ្លងកូវីដបម្លែងថ្មី «អូមីក្រុង» បានធ្វើដំណើរទៅច្រើនកន្លែង មានខេត្តចំនួន ៣ និង ភ្នំពេញ
នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសផ្តល់ជាដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ ក្រសួង បានរកឃើញករណីវិជ្ជមានកូវីដបម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ចំនួន ១នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។
ដោយករណីនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ចំពោះករណីឆ្លងកូវីដបម្លែងថ្មី ប្រភេទ «អូមីក្រុង» ខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ។
យ៉ាងណាមិញ តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួន នៅតានីទូកមាសខេត្តកំពត។ ដោយធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្តាលី មកដល់រាជធានីភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅឯមន្ទីរពេទ្យមួយ ហើយក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩បម្លែងថ្មី ប្រភេទ «អូមីក្រុង»៕