អបអរអ្នកសៀមរាប! គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែក្នុងក្រុង បញ្ចប់ការសាងសង់ ១០០% ហើយ ស្អាតភ្លឹង
ក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ការសាងសង់ ១០០% តាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ដែលបច្ចុប្បន្ននៅសល់តែការងារសម្អាត និង រៀបចំសោភណ្ឌភាពតែប៉ុណ្ណោះ។
ក្នុងនោះ ក្រសួងបានបញ្ជាក់ផងដែរថា ចំពោះការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ២០ ទីតាំង ការងារដាំដើមឈើចំនួន ៣១២៥ ដើម និង ការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវ ដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ជាលទ្ធផលក៏សម្រេចបាន ៧២,៧៤% ផងដែរ។
គួររំឭកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩ លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និង ទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ ចំណាយពេលសាងសង់ចំនួន ១៣ ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។
គួរឱ្យដឹងផងដែរថា គម្រោងសាងសង់ផ្លូវចំនួន ៣៨ ខ្សែ ក្នុងទីរួមខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និង ប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង ដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕
ប្រភព ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន