ចង់ដឹងទេ ជនជាតិអាមេរិកដែលរស់នៅក្នុងព្រៃ ក្នុងប្រទេសកម្ពុជា២៦ឆ្នាំនោះ ធ្វើអ្វីខ្លះ ?
ជាងមួយខែមកហើយ ដែលប្រជាជនខ្មែរទូទាំងប្រទេសមានការចាប់អារម្មណ៍ទៅលើគ្រួសាររបស់លោក Betrreed Adventure ដែលទៅរស់នៅក្នុងព្រៃ ដើម្បីអភិរក្សធនធានធម្មជាតិ នៅតំបន់ដាច់ស្រយាលនៅតំបន់អភិរក្សភ្នំត្នោត ភូមិតាបស ស្រុកសង្គម ខេត្តព្រេះវិហារ ក្បែរប្រាសាទព្រះខណ្ឌ ។ ដើម្បីទៅដល់ជុំរុំឬកន្លែងរស់នៅ របស់លោក Betrreed Adventure ភ្ញៀវទេសចរត្រូវជិះគោយន្តចម្ងាយប្រមាណជា ៦ គីឡូម៉ែត ពីភូមិតាបស ទើបដល់ ។
ជាង ២៦ ឆ្នាំមកនេះ លោក Betrreed Adventure បានជំនះឧបសគ្គជាច្រើនដើម្បីការពារបរិដ្ឋានឱ្យបានល្អ រហូតដល់ពេលខ្លះ គាត់បានប្រឈមមុខជាមួយនឹងក្រុមបំផ្លាញព្រៃឈើ និង បរបាញ់សត្វព្រៃ យ៉ាងតឹងតែងទៀតផង ប៉ុន្តែពេលនេះស្ថានភាពទាំងនោះបានប្រសើរឡើងវិញហើយ ។
ទីកន្លែងលំនៅឋានរបស់លោកBetrreed Adventure បានប្រែក្លាយទៅជារមណីយដ្ឋានធម្មជាតិដ៏ល្បីឈ្មោះមួយ នឹងមានកន្លែងស្នាក់នៅ ផ្ទះលើដើមឈើមួយខ្នង ក្នុងតម្លៃ ១ យប់ ៣០ ដុល្លារ និង ផ្ទះឈើធម្មតាមួយទៀតក្នុងតម្លៃ ៦០ ដុល្លារ១ យប់ ដែលភ្ញៀវភាគច្រើនជាបរទេស ទើបតែជាង ១ ខែនេះប៉ុណ្ណោះ ដែលមានភ្ញៀវខ្មែរច្រើន ហើយថវិកា ដែលបានមកនោះគឺដើម្បីយកទៅធ្វើការអភិរក្សធនធានធម្មជាតិនៅទីនោះបន្តទៀត ។
នៅទីនោះ មានកន្លែងកម្សាន្ដ និង សកម្មភាពផ្សេងៗជាច្រើនទៀតមានដូចជា ភ្ញៀវទេសចរ អាចដើរ កម្សាន្ដ ទៅក្នុងព្រៃ ទៅងូតទឹកហូរក្នុងព្រៃ ជិះខ្សែរ៉ត់នៅលើ កំពូលភ្នំ ឡើងភ្នំទៅលេងប្រាសាទដុតពោត ដុតដំឡូង និង អាំងសាច់ញុំានៅពេលយប់ ទស្សនាសត្វស្លាប និង ស្ដាប់សំលេងសត្វយំនៅក្នុងព្រៃជាដើម ៕
ដោយ ៖សុថាត់ (រូបថត Betrreed Adventure )