Adda ចេញ MV ថ្មី «មានអ្នកថែរឺនៅ» អបអរថ្ងៃខួបកំណើតខ្លួន (មានចម្រៀង)
កញ្ញា Adda បានចេញនូវវីដេអូបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា«មានអ្នកថែរឺនៅឬCare» នៅចំថ្ងៃធ្វើខួបកំណើតរបស់នាងគឺថ្ងៃទី១១ វិច្ឆិកា ២០១៧ និងឆ្លៀតឱកាសនោះក៏បានប្រកាសពី ចំណងស្នេហ៍នាងជាមួយលោក អេលែន ដោយមានការចូលរួមពីសំណាក់តារា ចម្រៀងល្បីៗជាច្រើន នៅកម្ពុជា ។
MVដែលមានគុណភាពល្អមួយនេះត្រូវបានថតដោយក្រុមការងារដែលមានការដឹកនាំដោយ Director Jeremiah Overman ជាជនជាតិអាមេរិក ។ លក្ខណៈពិសេសរបស់វីដេអូនេះគឺមានការចូលរួមសម្តែង ដោយតារាចម្រៀង Original លោក អេង សូរិយា ,តារាបាល់ទាត់កម្ពុជាលោក ប៊ិន ចន្ថាធារី ដែលជាការ បង្ហាញខ្លួនលើកដំបូងរបស់លោកនៅក្នុងការសម្តែងបទចម្រៀងជាមួយនិងលោក អេលែន តាន់ ។
រឿងរ៉ាវនៃបទចម្រៀងនេះត្រូវបានសរសេរដោយកញ្ញា អេដា ផ្ទាល់ដែលពិពណ៌នាពីការជួបគ្នាជាលើក ដំបូងរបស់កញ្ញានិង លោក អេលែន នៅក្នុងពេលវេលាដ៏រ៉ូមែនទិចមួយ ។
ជាមួយនិងការសម្ពោធនូវបទចម្រៀងថ្មីកញ្ញា អេដា ក៏បានប្រកាសជាសាធារណៈនាពេលនោះថារវាង នាង និង លោក អេលែន បានមានទំនាក់ទំនងលើសពីមិត្តធម្មតាចាប់តាំងពី ៦ ខែមុនមកម្ល៉េះដែលនេះ បង្ហាញពីភាពក្លាហានរបស់កញ្ញាតែក៏បង្កឱ្យមានការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រកញ្ញាផងដែរ ។
លោក អេលែន គឺជាជនជាតិខ្មែរ-អាមេរិកាំងដែលបានកើតនៅប្រទេសអាមេរិកដែលមានម្តាយជាជន ជាតិអាមេរិកឪពុកជាជនជាតិខ្មែរគឺលោក សុង តាន់នៅឯទីក្រុង ឡុងប៊ិច ដែលបានធ្វើអន្តោប្រវេសន៍ នៅក្រោយសង្គ្រាមនាឆ្នាំ១៩៨០ ។
លោក អេលែន បានមករស់នៅនិងធ្វើការនៅកម្ពុជាអស់រយៈពេលច្រើនជាង៧ឆ្នាំហើយ លោកក៏ជា នាយកនៃអង្គការអាមេរិកមួយនៅកម្ពុជាដែលបានជួយក្នុងការការពារប្រជាជនកម្ពុជាពីការស្លាប់ដោយគ្រាប់មីន ។
លោកក៏ជាស្ថាបនិកនៃអង្គការ ស្ទែមកម្ពុជា ដែលជាអង្គការក្នុងស្រុកបង្កើតឡើងនិងគ្រប់គ្រង មហោ ស្រពវិទ្យាសាស្រ្តនិងវិស្វកម្មនៅកម្ពុជាជារៀងរាល់ឆ្នាំដោយមានការសហការជាមួយក្រសួងអប់រំយុវជននិងកីឡា ។លោកធ្លាប់បានទទួលនូវគ្រឿងឥស្សរិយយសមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាចំពោះ ការងារ និង គម្រោងរបស់លោកដែលបានបន្តធ្វើការងារនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។
ក្នុងឱកាសនោះដែរកញ្ញា អេដា បានថ្លែងអំណរគុណដល់អ្នកគាំទ្រនាងនិងគាំទ្រ Smart Music ដែលជា ការជំរុញលើកទឹកចិត្តក្នុងការបង្កើតនិងនិពន្ធបទចម្រៀងខ្មែរដែលមិនចម្លងពីគេ ៕