ផ្អើលទៀតហើយ! តួប្រុសរឿង «Oh My Boss» ប្រកាសវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធជាមួយតារាច្រើននាក់ទៀត
Luke Ishikawa តារាប្រុសប្រចាំ GMMTV ដែលមហាជនភាគច្រើនបានស្គាល់ច្បាស់តាមរយៈរឿង «Oh My Boss»។ តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះហាក់កំពុងទទួលបានការគាំទ្រជាខ្លាំង ជាពិសេសពីសំណាក់ហ្វេនៗនារី ព្រោះតែមានរូបរាងសង្ហា មានទេពកោសល្យ និងសមត្ថភាព។
មុននេះបន្តិច GMMTV បានចេញសេចក្តីជូនដំណឹងថា Luke Ishikawa Plowden បានឆ្លងកូវីដ-១៩ ដោយលទ្ធផលបានចេញនៅយប់ថ្ងៃទី ១២ ខែមករា វេលាម៉ោង ៨:៣០ នាទីយប់។ តាមការបញ្ជាក់ពីម៉ាស៊ីនធ្វើតេស្ត RT-PCR នៅព្រឹកម៉ោង ៨ ថ្ងៃបន្ទាប់ បានឱ្យដឹងថា Luke មានអការមួយចំនួនដូចជា ឈឺក្បាល ឈឺ-ក និង ក្អកស្រាល។
បច្ចុប្បន្ននេះ Luke ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល ដោយមានការតាមដាន និងមើលថែយ៉ាងយកចិត្តទុកដាក់។ លើសពីនេះ GMMTV ក៏បានអំពាវនាវតារាប្រុសដែលបានទាក់ទង ឬ ជួប Luke នាមួយរយៈក្រោយនេះ ទៅពិនិត្យសុខភាព និងតាមដានអការផងដែរ។ ចំណែកឯកាលវិភាគ ការងារផ្សេងៗរបស់ Luke នឹងត្រូវលុបចោល ឬ ពន្យារពេលរហូតទាល់តែគាត់បានជាសះស្បើយ៕
ប្រភព៖ GMMTV